TNAOT News
· 6ម៉ោងមុន
ក្រសួងវប្បធម៌បន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
#ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ# #សង្គម# #ព័ត៌មានសង្គម# #ខុសច្បាប់#
1539
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស និងផែនការមេឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះ ក៏រំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីតាំងនេះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Discover the art that returns shattered porcelain to wholeness: the craft of restoration
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ២០លានរៀន ដល់ តារាកំប្លែង នាយឆ្លាំង ដែលកំពុងតែព្យាបាលជំងឺ
ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់ថ្នាំជក់សម្រាប់អ្នកដែលកើតក្រោយឆ្នាំ ២០០៨
ខឹងខុសខឹងខាត! ប្តីផឹកស្រវឹង ពូកែរករឿងពេក ប្រពន្ធខឹងទាញឈើជ្រុងវ៉ៃប្ដីចំក្បាលបណ្តាលឲ្យស្លាប់

យោបល់ទាំងអស់ (0)