TNAOT News

· 1​ម៉ោង​មុន

ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ណែនាំឱ្យក្រុមដែលគប់ និងវាយបំផ្លាញរថយន្ដសង្កាត់ស្រះចកត្រូវចូលខ្លួនដោះស្រាយ ឱ្យទាន់ពេលវេលា

#ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

285

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ បានឱ្យដឹងថា ចំពោះបាតុភាពនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមអ្នកដែលបានគប់ និងវាយបំផ្លាញរថយន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញ ឱ្យទាន់ពេលវេលា។

ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ លើកឡើងថា៖«ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះសូមចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញឱ្យទាន់ពេលវេលា»។

ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ បញ្ជាក់ថា ប្រសិនបើមិនចូលខ្លួនដោះស្រាយនោះទេ បើជំនាញតាមចាប់ខ្លួនគឺអនុវត្តន៌និតិវិធីច្បាប់មិនមានការលើកលែងនោះទេ ខណៈមុខសញ្ញាខាងជំនាញបានស្រាវជ្រាវរកឃើញហើយ។

លោកឧត្តមសេនីយ៍ ឯក បន្ដថា «ខ្ញុំអត់ដែលនិយាយលេងទេ សូមអាណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ឋបញ្ជូនមកសារភាពបន្ទាន់»។

ចំពោះហេតុការណ៍នេះ គឺនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង ។

 ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ ហើយអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង ចំពោះមុខករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស