TNAOT News

· ម្សិលមិញ

បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត១លាននាក់

#ភ្ញៀវទេសចរ# #ព្រឹត្តិការណ៍ នគរសង្ក្រាន្ត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1751

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញ ដែលរៀបចំឡើង នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ជិត១លាននាក់។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ថា តាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ ។

បន្ថែមពីនេះ នៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។ លោកស្រី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តវិលល្ងាច ចំនួន ៩៨៣ ០៨០នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ៧ ០៦៨នាក់។

សម្រាប់ឆ្នាំ២០២៦នេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ។ មានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជន ដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ តាមដងទន្លេសាប ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង, មានភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី និងនៅតាមទីប្រជុំជននានា ជាច្រើនកន្លែងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុមុខ ក្នុងឱកាសឆ្នាំថ្មី នាថ្ងៃទី១ ដែលមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន ដើម្បីបង្កបរិយាកាសរីករាយរួមគ្នា ជាមួយនឹងប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមបណ្តាទីតាំងទាំង៦ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស