TNAOT News

· 21​ម៉ោង​មុន

សាហាវមែន! ខឹងម្ដាយក្មេងទម្លាយរឿងសម្ងាត់នាំឲ្យបែកបាក់គ្រួសារ ជនដៃដល់លួងក្មេងប្រុស ទៅកន្លែងស្ងាត់រួចចាក់ និងអារកសម្លាប់

#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

1798

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតតាមចាប់ជនដៃដល់។

ជនសង្ស័យឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអតីតបងថ្លៃរបស់ ឪពុកម្តាយសព)។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ រួចជនដៃដល់បានសពយកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មូលហេតុមិនគួរឲ្យជឿគឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្ម ដ៏អាក្រក់បំផុតនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសានេះ ដើម្បីចាត់ការផ្តន្ទាទោសជនល្មើស តាមផ្លូវច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)