TNAOT News
· ម្សិលមិញ
កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតអំពីការអនុម័តច្បាប់ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
#សង្គម# #ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា# #DEVELOPING NEWS# #ព័ត៌មានសង្គម#
1811
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរៀបចំ ការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
បទបង្ហាញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះត្រូវបានដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្មបរទេស និង ដៃគូទាំងអស់ ចំពោះការបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមបានគូស បញ្ជាក់អំពីការកើនឡើងនៃភាពស្មុគស្មាញ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលាតសន្ធឹងហួសពីព្រំដែន ប្រទេស ក៏ដូចជាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខសាធារណៈ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។ 
ឯកឧត្តម បានធ្វើការពន្យល់អំពីការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវលទ្ធផលសំខាន់ៗ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មី ដែលទើបតែអនុម័ត។ ច្បាប់ថ្មីនេះដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ ជ្រុងជ្រោយ និងមានប្រសិទ្ធភាពមួយ សម្រាប់អាជ្ញាធរអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថា ការអនុវត្តច្បាប់ថ្មីនេះនឹងមានភាពរឹងមាំ មានតម្លាភាព និង ស្របតាមនីតិវិធីត្រឹមត្រូវ ព្រមទាំងធានាបាននូវការការពារពេញលេញក្រោមច្បាប់នេះសម្រាប់អ្នកដែលសហការ ជាមួយអាជ្ញាធរ ក៏ដូចជាជនរងគ្រោះពិតប្រាកដ និងម្ចាស់អចលនទ្រព្យស្លូតត្រង់ផងដែរ។ 
ឯកឧត្តមបាន ពន្យល់អំពីបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើន ដែលប្រទេសកម្ពុជាកំពុងប្រឈម និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយវិធីសាស្ត្រឧក្រិដ្ឋកម្ម ដែលកំពុងវិវត្ត រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រព័ន្ធកូដនីយកម្ម (encrypted platform កម្មវិធីសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ឆ្លងដែន និងគម្រោងវិនិយោគក្លែងបន្លំ ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកដែលផ្អែក លើប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពចម្បង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយឯកឧត្តមក៏បានសម្តែង នូវទំនុកចិត្តថា ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។ ឯកឧត្តមបានស្នើឱ្យដៃគូអន្តរជាតិជួយបន្តការគាំទ្រផ្នែកកសាង សមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អតីតពលករមកពីថៃថា ការធ្វើតេស្ត RPL មិនអស់ប្រាក់ហើយទទួលបានសញ្ញាបត្រជំនាញថែមទៀត
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
ក្រុមជញ្ជីងចល័តពិសេស បានឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តដឹកលើសទម្ងន់ចំនួន ២គ្រឿង ក្នុងខេត្តពោធិ៍សាត់
តារាកំប្លែង លោកតា សង់ សុីស រំភើបចិត្តស្រក់ទឹកភ្នែក ខណៈបានជួបជុំអ្នកសិល្បៈរួមជំនាន់

យោបល់ទាំងអស់ (0)