TNAOT News

· 6小时前

ខណៈសាំងឡើងថ្លៃ! ប្រធានសហជីព និងកម្មករ អំពាវនាវអាជីវករ កុំឱ្យឆ្លៀតឱកាសឡើងថ្លៃទំនិញបន្ថែម

#កម្មកររោងចក្រ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ប្រធានសហជីព#

1759

ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិកំពុងបន្តកើនឡើង បណ្ដាលឱ្យមានផលប៉ះពាល់ដល់ថ្លៃដើមដឹកជញ្ជូន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ប្រធានសហជីព និងតំណាងកម្មករបានចេញអំពាវនាវឱ្យអាជីវករ និងអ្នកលក់រាយទំនិញទាំងអស់ ប្រុងប្រយ័ត្ន និងរក្សាស្ថិរភាពតម្លៃ មិនឱ្យមានការឡើងថ្លៃលើសកម្រិតជាក់ស្តែង។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បញ្ហាកើនឡើងតម្លៃប្រេងឥន្ធនៈ គឺជាបញ្ហាសកលដែលមិនអាចជៀសវាងបាន ប៉ុន្តែការឡើងថ្លៃទំនិញ និងសេវាកម្មក្នុងស្រុក គួរត្រូវបានគ្រប់គ្រងឱ្យសមស្រប និងមានសីលធម៌ពាណិជ្ជកម្ម ដើម្បីជៀសវាងការបង្កើនបន្ទុកបន្ថែមលើប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា៖ «យើងសូមអំពាវនាវដល់អាជីវករ កុំឆ្លៀតឱកាសក្នុងការឡើងថ្លៃទំនិញដោយគ្មានមូលហេតុសមរម្យ ព្រោះវានឹងបង្កការលំបាកបន្ថែមដល់កម្មករនិយោជិត ដែលកំពុងរងផលប៉ះពាល់ពីការកើនឡើងថ្លៃរស់នៅរួចហើយ»។

ជាមួយគ្នានេះ កម្មករនិយោជិតមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងតម្លៃទំនិញប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ បន្ទប់ជួល និងសេវាដឹកជញ្ជូន ដែលអាចធ្វើឱ្យចំណូលប្រចាំខែរបស់ពួកគេកាន់តែតានតឹង។

អ្នកស្រី សុភ័ក្ដ នាថ កម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ បាននិយាយថា បើទោះបីជារដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមក៏ដោយ ប៉ុន្តែបើតម្លៃទំនិញបន្តឡើងខ្លាំង នោះអត្ថប្រយោជន៍នឹងមិនអាចជួយសម្រាលបន្ទុកបានពេញលេញឡើយ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះវាជួយកាត់បន្ថយថ្លៃចំណាយ ខណៈសាំង និងទំនិញផ្សេងៗកំពុងឡើងថ្លៃ។ ទោះមានការលំបាកយ៉ាងណា ក៏រដ្ឋាភិបាលមិនដែលភ្លេចកម្មករនិងប្រជាជនឡើយ»។

គួរបញ្ជាក់ថា បន្ទាប់ពីអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ ខែមីនា និងសម្រេចផ្តល់ប្រាក់សោហ៊ុយបន្ថែម ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ជាបណ្តោះអាសន្ន។

វិធានការនេះ ត្រូវបានអនុវត្តបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលរោងចក្រ និងសហគ្រាសកំពុងអនុវត្តរួច ហើយនឹងបន្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកភាពប្រក្រតីវិញ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស