TNAOT News

· 8​ម៉ោង​មុន

ត្រីមាសទី១ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌក្នុងខេត្តសៀមរាប មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

#បទល្មើសព្រហ្មទណ្ឌ# #NEW NEWS# #សង្គម# #ឆ្នាំ២០២៦# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #បទល្មើសគ្រឿងញៀន#

1645

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ខេត្តសៀមរាបមានបទល្មើសព្រហ្មទណ្ឌកើតឡើង ១៩ករណី ថយចុះ៤ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ៨១ករណី ថយចុះ ៥ករណី និងឃាត់ខ្លួនមនុស្សបានចំនួន ៤៦០នាក់។ នេះបើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានឱ្យដឹងថា ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្នងការដ្ឋាននគរបាលខេត្ត បានបំពាក់កាមេរ៉ាសុវត្ថិភាពសរុបចំនួន ១២៤ គ្រឿង នៅតាមបណ្តាក្រុងស្រុកទាំង១៣ ហើយក្រោមជំនួយរបស់ JICA តំបន់ដែលមានមនុស្សអ៊ូអរដូចជា Pub Street ត្រូវបានបំពាក់ដោយ AI Camera និងប៊ូតុងសញ្ញាសុវត្ថិភាពដើម្បីឆ្លើយតបចំពោះហេតុការណ៍បន្ទាន់បានទាន់ពេលវេលា។ ក្រៅពីការពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ស្នងការដ្ឋាននគរបាលខេត្តក៏បានបង្ក្រាបករណី Online Scams បាន ២ករណី និងបានឃាត់ខ្លួនមនុស្ស ៩នាក់។

ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានបញ្ជាក់ថា ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង ក្មេងទំនើង ចោរកម្ម គ្រឿងញៀន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំសង្កាត់ ក្នុងខេត្តសៀមរាប ត្រូវតែអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឱ្យខាងតែបាន។

បន្ថែមពីនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ក៏បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្ក្រាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និងអនុវត្តឱ្យបាននូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស