TNAOT News

· ម្សិលមិញ

ឯកអគ្គរដ្ឋទូតឡាវថ្មីប្ដេជ្ញាពូនជ្រំ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

#កម្ពុជា-ឡាវ# #NEW NEWS# #សង្គម# #សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន# #ព័ត៌មានសង្គម#

1897

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង។

ក្នុងជំនួបនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម មកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ គឺបានបង្ហាញអំពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តិសាស្ត្រនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។

 

ឯកអគ្គរដ្ឋទូតឡាវ បានរំលេចទៀតថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត ព្រមទាំងសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងតែជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងបរិបទកូវីដ-១៩កន្លងទៅ កម្ពុជាបានចូលរួមផ្ដល់វ៉ាក់សាំង និងសម្ភារៈបច្ចេកទេសមួយចំនួនទៀតដល់ប្រទេសឡាវលើការដោះស្រាយបញ្ហាកូវីដ-១៩នាពេលនោះ។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវមានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួតហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះសម្ដេចតេជោបានរំលេចថា ជាមិត្តដែលមានជិតស្មោះសនឹងគ្នាជានិច្ច។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើនដែលជាផ្នែកដ៏សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងកាទូតរវាងប្រទេសទាំងពីរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស