TNAOT News
· 02-24
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បដិសេធមិនទទួលស្គាល់ International Kickboxing Council នៅកម្ពុជា
#TNAOT SPORT# #កីឡា# #សហព័ន្ធកីឡាប្រដាល់គុនខ្មែរ# #ប្រដាល់ខ្មែរ#
2041
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសបដិសេធមិនទទួលស្គាល់ និងមិនឯកភាពលើសំណើសហការណ៍ណាមួយជាមួយស្ថាប័ន International Kickboxing Council ទេ ព្រមទាំងបញ្ជាក់ថា មិនដែលចាត់តាំងបុគ្គលណាមួយឱ្យធ្វើជាតំណាងគុនខ្មែរ ក្នុងស្ថាប័ននេះឡើយ។
ការប្រកាសនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីស្ថាប័នឃីកបុកស៊ីងអន្តរជាតិខាងលើ សម្រេចបញ្ចូលលោក គឹម ស្រ៊ុន កុសល (Tommy Kim) ជាសមាជិក និងជាតំណាងប្រចាំប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន សហព័ន្ធបានបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាស្ថាប័នដែលទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងការដឹកនាំការងារអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរទាំងក្នុង និងក្រៅប្រទេស។
សហព័ន្ធបន្ថែមថា ការប្រើប្រាស់ឈ្មោះ “គុនខ្មែរ” ក្នុងកម្មវិធីប្រកួតលើខ្សែក្រវាត់ ឬការតែងតាំងបុគ្គលណាមួយជាតំណាងគុនខ្មែរ ដោយគ្មានការឯកភាពពីសហព័ន្ធ គឺជាការប្រព្រឹត្តិផ្ទុយនឹងលក្ខន្តិកៈ។ ហេតុនេះ សហព័ន្ធធ្វើការបដិសេធមិនទទួលស្គាល់ព័ត៌មានដែលបានផ្សព្វផ្សាយដោយស្ថាប័នខាងលើ។
ជាការឆ្លើយតប លោក គឹម ស្រ៊ុន កុសល (Tommy Kim) បានលើកឡើងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកពិតជាត្រូវបានជ្រើសតាំងជាសមាជិក និងជាតំណាងប្រចាំកម្ពុជា របស់ International Kickboxing Council មែន។ លោកបញ្ជាក់ថា កម្មវិធីណាមួយពាក់ព័ន្ធនឹងគុនខ្មែរ ឬឃីកបុកស៊ីង ទាំងក្នុង និងក្រៅប្រទេស នឹងមានគោលបំណងសហការជាមួយសហព័ន្ធពាក់ព័ន្ធនៅកម្ពុជា នាពេលអនាគត។
លោក Tommy Kim ក៏បានបន្ថែមថា បច្ចុប្បន្នកំពុងមានការពិភាក្សាអំពីទម្រង់រៀបចំកម្មវិធី និងចំនួនដងក្នុងមួយឆ្នាំ ដោយចាត់ទុកថា វាជាឱកាសល្អសម្រាប់បញ្ជូនកីឡាករខ្មែរ ចូលរួមប្រកួតលើឆាកអន្តរជាតិ និងពង្រីកទីផ្សារ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណក្បាច់គុនខ្មែរ ទៅកាន់ពិភពលោក។
យ៉ាងណាមិញ បញ្ហានេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងសហគមន៍កីឡា ខណៈភាគីទាំងពីរបានបង្ហាញជំហរផ្សេងគ្នាចំពោះសិទ្ធិ និងសុពលភាពនៃតំណាងគុនខ្មែរ នៅលើឆាកអន្តរជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បង្គោលអង់តែនសេវាទូរស័ព្ទ នៅថ្មក្រាល ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមកសាងហើយ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
ទីក្រុងប៉េកាំងបោះឆ្នោតដកឧត្តមសេនីយ៍ ៣រូបចេញពីស្ថាប័នប្រឹក្សាយោបល់ជាន់ខ្ពស់

យោបល់ទាំងអស់ (0)