TNAOT News

· ម្សិលមិញ

ស្ថាបនិក Knai Bang Chatt បង្ហាញទំនុកចិត្តខ្ពស់លើសក្តានុពលខេត្តកែប តាមរយៈគម្រោងវិនិយោគវែងឆ្ងាយ

#Knai Bang Chatt# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1752

រមណីយដ្ឋាន Knai Bang Chatt by Kep West បន្តបោះទុនវិនិយោគរាប់លានដុល្លារអាមេរិក លើការអភិវឌ្ឍឆ្នេរសមុទ្រកែបខាងលិច និងវិស័យទេសចរណ៍ប្រកបដោយចីរភាព។

លោក Jef Moons ស្ថាបនិក និងជានាយកប្រតិបត្តិ Knai Bang Chatt by Kep West បានបញ្ជាក់ថា ការវិនិយោគថ្មីនេះ រួមមានផ្លូវដើរថ្មីប្រវែង 2.7 គីឡូម៉ែត្រ និងគម្រោង Kep Exhibition Plaza (K.E.P.) ដែលបង្ហាញពីទំនុកចិត្តខ្ពស់លើសក្តានុពលខេត្តកែប និងវិស័យបដិសណ្ឋារកិច្ចកម្ពុជា។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានវិនិយោគជាង ១ លានដុល្លារ លើការអភិវឌ្ឍសហគមន៍ និងការពារបរិស្ថានសមុទ្រ ខណៈគម្រោង K.E.P. និង S.E.A. Ocean Gallery ត្រូវរំពឹងថា នឹងក្លាយជាស្នូលថ្មីនៃ “ឆ្នេរសមុទ្រវប្បធម៌” ក្រុងកែប ក្នុងពេលខាងមុខ។

លោកបានបន្ថែមថា ការបោះទុនវិនិយោគនេះ មិនមែនផ្អែកលើការរកប្រាក់ចំណេញរយៈពេលខ្លីនោះទេ ប៉ុន្តែផ្តោតលើការកសាងទីផ្សារទេសចរណ៍ដែលមានតម្លៃខ្ពស់ និងបង្កប់ទៅដោយអត្តសញ្ញាណច្បាស់លាស់ សម្រាប់ខេត្តកែប។

"យើងធ្វើតាមការណែនាំរបស់ផែនការមេរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យខេត្តកែបក្លាយជាកន្លែងទេសចរណ៍លំដាប់ខ្ពស់ មាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន" លោក Jeff Moons។

យ៉ាងនេះក្ដី បើយោងតាមផែនការមេខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយគុណតម្លៃរយៈពេល ១៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងប្រែក្លាយខេត្តព្រះសីហនុ កោះកុង កំពត និងកែប ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡា។

យ៉ាងណាមិញ ផែនការមេនេះ នឹងទាក់ទាញការវិនិយោគមហាសាលលើវិស័យអាទិភាពដូចជា៖ ឡូជីស្ទីក, កសិឧស្សាហកម្ម, ផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់, ឧស្សាហកម្មសមាហរ័ណ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធទីក្រុងទំនើប, ថាមពលបៃតង, និងទេសចរណ៍ ដែលនឹងបង្កើតការងាររាប់សិបម៉ឺនកន្លែង និងជួយឲ្យកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា២០៥០។ 

បន្ថែមពីនេះ អស់រយៈពេលជិត ២០ ឆ្នាំមកនេះ Knai Bang Chatt ក៏បានអនុវត្តស្តង់ដារទេសចរណ៍ប្រកបដោយចីរភាព ដែលទទួលស្គាល់ជាអន្តរជាតិ និងបានបោះទុនវិនិយោគជាង ១ លានដុល្លារ លើការអភិវឌ្ឍសហគមន៍មូលដ្ឋាន រួមមាន ការស្តារអគារបុរាណឱ្យក្លាយជាសំណង់ស្ថាបត្យកម្មសិល្បៈ ការអភិរក្សធនធានសមុទ្រ និងការបង្កើតភាពជាដៃគូជាមួយប្រជាពលរដ្ឋក្នុងតំបន់។

ជាមួយគ្នានេះ សម្រាប់ឆ្នាំខាងមុខ Knai Bang Chatt បានកំណត់អាទិភាពលើការបញ្ចប់ការអភិវឌ្ឍឆ្នេរសមុទ្រកែបខាងលិច ដោយផ្តោតលើវិស័យសុខុមាលភាព និងម្ហូបអាហារ ជាពិសេសការដាក់ឱ្យដំណើរការគម្រោង K.E.P. Exhibition Plaza និង S.E.A. Ocean Gallery ដែលត្រូវបានចាត់ទុកថា ជាស្នូលសំខាន់នៃ “ឆ្នេរសមុទ្រវប្បធម៌” ថ្មីមួយសម្រាប់ក្រុងកែប។ ក្រៅពីនេះ គម្រោងក៏បានរួមបញ្ចូលនូវការការពារព្រៃកោងកាង និងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ដោយមានការចូលរួមពីសហគមន៍ប្រជានេសាទ ដើម្បីអភិរក្ស និងថែរក្សាធនធានជលផលសមុទ្រខេត្តកែប ឱ្យមានភាពគង់វង្សក្នុងរយៈពេលវែង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស