TNAOT News

· 21​ម៉ោង​មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ណែនាំជាទិសដៅការងារ ៧ចំណុច ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា# #សង្គម# #ព័ត៌មានសង្គម#

2747

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែធ្នូនេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ណែនាំជាទិសដៅការងារទាំង ៧ចំណុច ដូចខាងក្រោម៖១. បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ សម្តេចបវរធិបតី រៀងរាល់មួយឆ្នាំម្តង។

២. សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្រ្ត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

៣. រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.

៤. រៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” 

៥. អនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ

៦. ជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោលដៅ និងមានភាព ទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ

៧. ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស