TA X2

· 04-12

សភាអឺរ៉ុប អនុម័តកិច្ចព្រមព្រៀងអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនថ្មី

#សភាអឺរ៉ុប# #ព័ត៌មាន# #អន្តោប្រវេសន៍# #ព័ត៍មានអន្តរជាតិ#

4305

សភាសហភាពអ៊ឺរ៉ុប កាលពីថ្ងៃពុធ បានអនុម័តនូវកិច្ចព្រមព្រៀងស្តីពីការធ្វើអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនថ្មី ដែលនឹងរឹតបន្តឹងនីតិវិធីនៅតាមព្រំដែន និងស្នើសុំឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) ចែករំលែកការទទួលខុសត្រូវ។

សភា បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការអនុម័តកិច្ចព្រមព្រៀងនេះ មានគោលបំណងដោះស្រាយការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ចូលទៅកាន់សហភាពអឺរ៉ុប ពង្រឹងការការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប និងកំណែទម្រង់ប្រព័ន្ធសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។


យោងតាមកិច្ចព្រមព្រៀងថ្មីនេះ ជនអន្តោប្រវេសន៍ដែលពុំបានបំពេញតាមលក្ខខណ្ឌចូលទៅក្នុងសហភាពអឺរ៉ុប នឹងត្រូវទទួលនូវនីតិវិធីពិនិត្យមុនពេលចូល រួមមានការកំណត់អត្តសញ្ញាណ ការប្រមូលទិន្នន័យវាយតម្លៃ និងការពិនិត្យសុខភាព និងសន្តិសុខ។

ការទាមទារសម្រាប់សិទ្ធិជ្រកកោន នឹងត្រូវបានពិនិត្យកាន់តែលឿន រួមទាំងនៅតាមព្រំដែនរបស់សហភាពអឺរ៉ុប និងការធ្វើមាតុភូមិនិវត្តន៍កាន់តែមានប្រសិទ្ធភាពនឹងត្រូវបានអនុវត្ត។ រដ្ឋជាសមាជិក ក៏នឹងចាំបាច់ត្រូវជ្រើសរើសរវាងការទទួលខុសត្រូវ សម្រាប់អ្នកស្នើសុំសិទ្ធិជ្រកកោន ការរួមចំណែកផ្នែកហិរញ្ញវត្ថុ ឬផ្តល់ការគាំទ្រក្នុងប្រតិបត្តិការ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសាទរចំពោះការអនុម័តកិច្ចព្រមព្រៀងនេះថា យើងត្រូវតែជាអ្នកដែលត្រូវសម្រេចចិត្តថានរណាអាចចូលមកសហភាពអឺរ៉ុប ហើយស្ថិតនៅក្រោមកាលៈទេសៈណា ដែលពុំមែនជាអ្នករត់ពន្ធ និងអ្នកជួញដូរមនុស្សនោះទេ។

លោកស្រី von der Leyen បាននិយាយថា នៅពេលកិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តជាផ្លូវការ ដោយក្រុមប្រឹក្សាអឺរ៉ុប ច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីការផ្សព្វផ្សាយ ហើយរដ្ឋជាសមាជិក ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិនេះក្នុងរយៈពេលពីរឆ្នាំ។

ទីភ្នាក់ងារការពារព្រំដែន និងឆ្មាំល្បាតឆ្នេរអឺរ៉ុប (Frontex) បាននិយាយកាលពីពាក់កណ្តាលខែមករាថា ការឆ្លងកាត់ព្រំដែនមិនទៀងទាត់ចំនួន ៣៨០.០០០នាក់ ត្រូវបានរកឃើញនៅតាមព្រំដែនខាងក្រៅសហភាពអឺរ៉ុបកាលពីឆ្នាំមុន ដែលជាការកើនឡើង ១៧ ភាគរយ ពីឆ្នាំមុន និងជាចំនួនសរុបប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៦ មក។

https://www.lemonde.fr/en/international/article/2024/04/11/european-parliament-approves-migration-and-asylum-pact_6668051_4.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)