TNAOT News
· 12ម៉ោងមុន
កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសក្នុងពិភពលោក
#សត្វត្រយងយក្ស# #សត្វត្រយងចង្កំកស# #ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2034
ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស និង សត្វត្រយងចង្កំកស ។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និង អភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមរបាយការណ៍នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសម្រាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង ៤០សំបុក។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។
បើតាមរបាយការណ៍ បានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។ បើតាមការឲ្យដឹងពីឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និង សត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។
គួរបញ្ជាក់ថា សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ រកឃើញសត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល ១០៨ប្រភេទ
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង
យោបល់ទាំងអស់ (0)