TNAOT News

· ម្សិលមិញ

ក្រសួងទេសចរណ៍រៀបចំ​កិច្ចប្រជុំជាមួយទូតកូរ៉េ ពាក់ព័ន្ធព័ត៌មានផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េ ថាពលរដ្ឋកូរ៉េរងគ្រោះបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

#ទូតកូរ៉េ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ទូរទស្សន៍កូរ៉េ# #ក្រសួងទេសចរណ៍#

2565

ពាក់ព័ន្ធនឹងព័ត៌មានផ្សព្វផ្សាយរ​បស់ទូរទស្សន៍កូរ៉េ ថាមានពលរដ្ឋកូរ៉េ បានរងគ្រោះដោយ​ការ​បង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ក៏បានរៀបចំ​កិច្ចប្រជុំបន្ទាន់ ជាមួយ ទូតសាធារណរដ្ឋកូរ៉េ និង វិស័យឯកជនកម្ពុជា-កូរ៉េ។កិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និង វិស័យឯកជនកម្ពុជា-កូរ៉េ រៀបចំឡើងនារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងចូលរួមពី តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។កិច្ចប្រជុំនេះរៀបចំឡើងដើម្បីស្តាប់នូវកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ បានជម្រាបអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។

ទន្ទឹមនោះ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឲ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស