Cambo-China

· 04-23

ភាគីចិន ប្តេជ្ញាជម្រុញការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា

#ប្រទេសកម្ពុជា# #ទំនើបកម្មវិស័យកសិកម្ម# #ឧស្សាហកម្ម# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4173

ឯកឧត្តម Wang Yi លើកឡើងថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ហើយតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។ នេះបើតាមជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ ឯកឧត្តម Wang Yi បានមានប្រសាសន៍ថា «ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយទស្សនកិច្ចនាឱកាសនេះនឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស