Cambo-China

· 05-05

កិច្ចសហការកម្ពុជា-ចិន លើវិស័យព័ត៌មាន និងផ្សព្វផ្សាយ នឹងជួយគ្រប់គ្រងសាធារណៈមតិប្រកបដោយប្រសិទ្ធភាព

#ប្រទេសកម្ពុជា# #ក្រសួងព័ត៌មាន# #ខ្សែភាពយន្ត# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4612

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យព័ត៌មាន និងផ្សព្វផ្សាយ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមនៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ និងបានកំពុងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា-ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយប្រសិទ្ធភាព។ នេះបើតាមអត្ថន័យក្នុងការជួបពិភាក្សាការងាររវាង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន។ លោកស្រី Diana Pang បានមានប្រសាសន៍ថា «មានសារព័ត៌មានជាច្រើននៅប្រទេសចិន បានផ្សព្វផ្សាយព័ត៌មានមិនពិត និងអវិជ្ជមានពីកម្ពុជា ដូចនេះវិទ្យាស្ថានមានបំណងសហការជាមួយ ក្រសួងព័ត៌មាន ក្នុងការរៀបចំថតខ្សែភាពយន្តឯកសារ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានអវិជ្ជមាននៅកម្ពុជា ដែលកន្លងមកត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា»។

ជាមួយគ្នានេះ ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា លោកស្រីបានលើកឡើងថា វិទ្យាស្ថានមានបំណងក្នុងការចូលរួមជួយក្រសួងព័ត៌មាន លើការបង្កើនកម្រិតសមត្ថភាពរៀបចំប្រព័ន្ធស្តុកទិន្នន័យ (Data Base) ដោយវិទ្យាស្ថាន នឹងធ្វើការសម្រប សម្រួលក្នុងការអញ្ជើញប្រតិភូក្រសួងព័ត៌មានដើម្បីទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុននានានៅប្រទេសចិន ទាក់ទងនឹងវិស័យនេះ។ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន ហើយតាមរយៈសកម្មភាពរបស់វិទ្យាស្ថាន និងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងគាំទ្រចំពោះគោលបំណងរបស់វិទ្យាស្ថាន ក្នុងការបង្កើតកិច្ចសហប្រតិការជាមួយក្រសួងព័ត៌មាន ហើយទាក់ទងនឹងគម្រោង ផលិតវីដែអូឯកសារស្តីពីទំនាក់ទំនងកម្ពុជា-ចិន ឯកឧត្តម បានគាំទ្រ និងថ្លែងកោតសរសើរចំពោះគម្រោងវិទ្យាស្ថាន ដែលនឹងចូលរួមផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកក្នុងការបម្រើដល់វិស័យទេសចរណ៍ក៏ដូចជាការទាក់ទាញអ្នកវិនិយោគផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស