TNAOT News

· 4​ម៉ោង​មុន

កាសែត The Wall Street Journal ផ្សព្វផ្សាយអត្ថបទទស្សនៈ ឆ្លើយតបនឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

#សង្គម# #The Wall Street Journal# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1223

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia”។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស»។

ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស