TNAOT News

· 8​ម៉ោង​មុន

សភាកម្ពុជា បង្ហាញពីកំណើនវិជ្ជមានរបស់ស្រ្តីកម្ពុជានៅក្នុងវិស័យនយោបាយ និងវិស័យសំខាន់ៗដទៃទៀត

#សភាកម្ពុជា# #NEW NEWS# #ភាសាបារាំង# #សង្គម# #ព័ត៌មានសង្គម# #វិស័យនយោបាយ# #ស្រ្តី#

1559

សភាកម្ពុជា បានបង្ហាញអំពីកំណើនវិជ្ជមាននៃការចូលរួមរបស់ស្រ្តីកម្ពុជា នៅក្នុងវិស័យនយោបាយ វិស័យសាធារណៈ វិស័យឯកជន និងវឌ្ឍនភាពការងារថ្មីៗ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំបណ្តាញស្រ្តីសភានៃសភាប្រើភាសាបារាំង (APF)នៅទីក្រុងយ៉ាមូស៊ូក្រូ សាធារណរដ្ឋកូតឌីវ័រ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។កិច្ចប្រជុំនេះ មានសមាជិកាសភាចូលរួមចំនួនប្រមាណ ៥០រូប អញ្ជើញមកពី ១៧ ក្រុមសភាជាតិនៃសភាប្រើភាសាបារាំង រួមមាន ប៊ុលហ្គារី កម្ពុជា កាម៉េរូន កាណាដា កុងហ្កោ កូតឌីវ័រ ជីប៊ូទី បារាំង ហ្កាប៉ុង ហ្កាណា ម៉ារ៉ុក អុងតារីយ៉ូ កេប៊ិច សេណេហ្កាល់ ស្វីស ឆាដ និង ទុយនីស៊ី។ នាឱកាសនោះ លោកជំទាវ គ្រួច សំអាន បានជម្រាបជូនអង្គប្រជុំពីការវិវត្តន៍នៃការចូលរួមរបស់ស្រ្តី ក្នុងវិស័យនយោបាយគួរឱ្យកត់សំគាល់ និងបានជម្រាបអំពីការបន្តជំរុញ និងលើកកម្ពស់ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យនយោបាយ តាមរយៈការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលដល់ស្រ្តី និងក្មេងស្រី នៅតាមមូលដ្ឋាន វិទ្យាល័យ និង សាកលវិទ្យាល័យ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកបញ្ជាក់ពី កម្មវិធី «សភាត្រាប់» ដែលរដ្ឋសភាបានកំពុងរៀបចំធ្វើឡើង ស្របពេលជាមួយគ្នានៃកិច្ចប្រជុំបណ្តាញស្រ្តីសភាAPF នេះផងដែរ។ កម្មវិធីនេះ មានការចូលរួមពីស្រ្តី និងក្មេងស្រីអញ្ជើញមកពីស្ថាប័ន និងសាកលវិទ្យាល័យនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

លោកជំទាវក៏លើកឡើងផងដែរថា សន្តិភាពគឺជាកត្តាចម្បង ដើម្បីសម្រេចបាននូវគោលដៅរួម នៃសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តីផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស