TNAOT News
· 20ម៉ោងមុន
ប្រាសាទទន្លេស្ងួត ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
#NEW NEWS# #សង្គម# #ប្រាសាទទន្លេស្ងួត# #ព័ត៌មានសង្គម#
1745
ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។
មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក) ប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។
ក្រោយពីបានឆ្លងកាត់ការខូចខាតស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួតត្រូវបានចាប់ផ្តើមស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយដំណាក់កាលទី១ (២០១៩-២០២០)៖ ប្រាសាទនេះត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ។ ដំណាក់កាលទី២ (២០២៥)៖ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ «Angkor Water Resilience» ផ្នែកមួយចំនួននៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទបានជួសជុលកែលម្អ។ លើសពីនេះ រានទស្សនាត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរ។
បច្ចុប្បន្ន «ទន្លេស្ងួត» លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ បច្ចុប្បន្នទន្លេស្ងួតអាចស្តុកទឹកបានអតិបរមារហូតដល់ ៧៧០.០០០ ម៉ែត្រត្រីគុណ។ ការបញ្ជូលទឹកបានឡើងវិញនេះផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ថែរក្សាលំនឹងគ្រឹះប្រាសាទ៖ តាមរយៈការរក្សាសំណើមដីដែលជាបច្ចេកទេសដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ។ ផ្តល់ប្រយោជន៍ដល់សហគមន៍៖ បង្កើនសោភ័ណភាព បរិស្ថានបៃតង និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម និងការរស់នៅរបស់ពលរដ្ឋជុំវិញ។
អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យចូលរួមគ្នាថែរក្សា និងស្តារសម្បត្តិបេតិកភណ្ឌនៅប្រាសាទទន្លេស្ងួត គឺជាការតភ្ជាប់សរសៃឈាមរវាងអតីតកាលដ៏រុងរឿង ទៅកាន់អនាគតដ៏រឹងមាំ និងមាននិរន្តរភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុរសម្នាក់ដែលកាន់អាយកូមដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋគ្មានមូលហេតុ ត្រូវបានសមត្ថកិច្ចនាំមកអប់រំធ្វើកិច្ចសន្យា
រំភើបជំនួស! អ្នកនាង ដេនី ក្វាន់ បានជួបមុខកូនប្រុសវិញ ខណៈបន្ទាប់ពីសម្រាលរួចកូនប្រុសត្រូវតាមដានសុខភាពអស់រយៈជាង ១០ថ្ងៃ
សហរដ្ឋអាមេរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៣គ្រឿងនៅក្នុងដែនទឹកអាស៊ី
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន

យោបល់ទាំងអស់ (0)