TNAOT News

· 7​ម៉ោង​មុន

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

#កម្ពុជា-បារាំង# #កិច្ចសហប្រតិបត្តិការ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1711

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នាពេលនេះ។ 

លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា លោកមានសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។

ជាការឆ្លើយតប សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល One Health (One Health Summit)។ សម្តេចធិបតីបានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់រវាងប្រទេសកម្ពុជានិងបារាំង និងថ្លែងអំណរគុណបារាំងដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីក៏បានសម្តែងសេចក្តីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ប្រធានាធិបតីបារាំង នៅកម្ពុជា នាចុងឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោកប្រធានាធិបតីបានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជា-បារាំង ជាពិសេសការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិត "ភាពជាដៃគូយុទ្ធសាស្ត្រ" (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចធិបតី និងប្រធានាធិបតីបារាំងបានផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើមមួយចំនួនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ការពារជាតិនិងសន្តិសុខ វប្បធម៌និងបេតិកភណ្ឌ សុខាភិបាល អប់រំ និងទេសចរណ៍។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានាធិបតីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែន ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស