TNAOT News

· ម្សិលមិញ

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

#ក្រសួងព័ត៌មាន# #NEW NEWS# #សង្គម# #ក្រសួងកិច្ចការនារី# #ព័ត៌មានសង្គម# #ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ#

1995

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញថា មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្តីណែនាំ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងជា ពិសេសការលើកតម្កើងសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រី។

តាមការសង្កេតក្រសួងទាំង៣បានឃើញថាមានការផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ អសីលធម៌ និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាព អនាចារនិងស្រើបស្រាល ដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើឱ្យ ការលក់ផលិតផលរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ជាតិខ្មែរ។

ក្រសួងបញ្ជាក់ថា ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម។

ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ជាពិសេស ថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ណែនាំឱ្យ បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬ មាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និង ភាពស្រើបស្រាល ដូចជាការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការគ្រាប់ តាមសកម្មភាព អាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ។

ទាំង៣ក្រសួងក៏បានណែនាំឱ្យបញ្ឈប់រាល់ការយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈអនាចារ និងស្រើបស្រាល មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការ ចូលមើល (Likes, Shares, Views) នូវមាតិការបស់ខ្លួន ឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ចំពោះនីតិបុគ្គល ឬរូបវន្តបុគ្គលដែលនៅតែបន្តផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីណែនាំនេះ ក្រោយទទួលវិធានការ អប់រំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស