TNAOT News
· 3ម៉ោងមុន
ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជាថានឹងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត
#NEW NEWS# #ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី# #សង្គម# #ព័ត៌មានសង្គម#
935
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង។ 
នៅក្នុងជំនួបនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឱកាសនោះ ឯកអគ្គរដ្ឋទូត លើកឡើងថា នៅក្នុងអាណត្តិរបស់លោក ជាអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ លោកសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាមួយនេះ លោកក៏នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជន ប្រទេសទាំងពីរ ធ្វើទស្សនាទៅវិញទៅមក កាន់តែច្រើនថែមទៀត ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់ឯកអគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងឯកភាពនៅការលើកឡើងរបស់ឯកឧត្តម ចំពោះការផ្លាស់ប្ដូរ នៃទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានទស្សនកិច្ច នៅប្រទេសសិង្ហបុរី នាឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ។បន្ថែមលើនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសិង្ហបុរី ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។ 
ជាចុងក្រោយ សម្ដេចតេជោ បានជូនពរឱ្យឯកអគ្គរដ្ឋទូត បំពេញបេសកកម្មនៅកម្ពុជា ទទួលបានជោគជ័យ ជាពិសេស គឺពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
ផ្អើលទាំងព្រឹក! តូបលក់កាហ្វេមួយកន្លែងនៅកោះនរា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សម្នាក់

យោបល់ទាំងអស់ (0)