TNAOT News
· 04-01
សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
#ចម្លាក់ថ្ម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1754
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ។
ម្ចាស់សិប្បកម្មចម្លាក់ថ្ម លោក សេក សេន នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ រូបអប្សរានិងរូបអាទិទេពជាច្រើនទៅតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនៅតាមប្រាសាទនិងសំណង់នានា។
លោក សេក សេន បញ្ជាក់ថាក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឱ្យលោកជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្ម ដល់យុវជនជំនាន់ថ្មីនេះ គឺលោកពេញចិត្តយ៉ាងខ្លាំង ហើយក៏កំពុងខិតខំប្រឹងប្រែងជួយបង្រៀនដល់យុវជនដែលចង់ចេះជំនាញដាប់ឆ្លាក់ថ្មនេះ ឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យយុវជនទាំងនោះអាចបន្តថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរ ឱ្យគង់វង្សបានយូរអង្វែងតទៅទៀត។ លោក សេក សេន សំណូមពរឱ្យយុវជនជាច្រើន គួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។
លោក សេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្ម នៅទីនោះរយៈពេល៦ខែមកហើយ ឱ្យដឹងថាបច្ចុប្បន្ន លោកចេះឆ្លាក់រូបសត្វនិងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។ លោកថា រូបលោកពេញចិត្តនិងជំនាញឆ្លាក់ថ្មនេះ ពីព្រោះវានឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដនៅថ្ងៃខាងមុខ ព្រមទាំងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារ បានល្អជាងការងារសំណង់ដែលលោកធ្លាប់ធ្វើកន្លងមក។
បច្ចុប្បន្ននេះ បើទោះបីជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងជួយជ្រោមជ្រែងដល់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក រយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀននិងចាប់យកជំនាញនេះនៅឡើយ។
អាជ្ញាធរជាតិអប្សរា បានចាត់ទុកថាសិល្បៈចម្លាក់ថ្ម គឺជាសម្បត្តិបេតិកភណ្ឌអរូបី ដ៏មានតម្លៃមួយក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបី ជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
A Dialogue between Nature and Art: Shell Carving
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
សម្រស់ដ៏ស្រស់ស្អាត ផ្កាបូព្រឹក្ស នៅជើងភ្នំ១៥០០ ខេត្តពោធិ៍សាត់ ដែលភ្ញៀវទេសចរពុំគួររំលង
តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?

យោបល់ទាំងអស់ (0)