TNAOT News

· 7​ម៉ោង​មុន

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ខេត្តស្ទឹងត្រែង

#NEW NEWS# #កូនផ្សោត# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្ទឹងត្រែង#

1603

កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។

កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើត​ចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាន​នាយក​​ដ្ឋាន​អភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាព​សម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គ​ភាព​ពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និង​មន្រ្តីឆ្មាំទន្លេ ដែលបានសហការពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទ​ខុស​ច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើកកម្ពស់ការយល់ដឹង​សាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩​១៨​១៤​៤ និង ០១៧៨១៨៣៨២៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស