TNAOT News
· ម្សិលមិញ
កម្លាំងនគរបាលស្រុកអង្គស្នួល បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
#គ្រឿងញៀន# #NEW NEWS# #សង្គម# #ស្រុកអង្គស្នួល# #ព័ត៌មានសង្គម#
2011
ជនសង្ស័យប្រុសស្រី ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ ស្ថិតក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ ទី១មានឈ្មោះ ថុន ផានិត ហៅចិន (ប្រុស, ២៨ឆ្នាំ) ទី២ឈ្មោះ ម៉ង់ ម៉ៅ (ស្រី, ៣៤ឆ្នាំ) និងទី៣ឈ្មោះ ព្រឿង ចន្ថា ហៅថា (ប្រុស, ២៨ឆ្នាំ) ដោយអ្នកទាំង ៣នាក់ នេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកឯបក្ខពួក ២នាក់ ទៀតដែលបានរត់គេចខ្លួនមានឈ្មោះ ឈួន ពយ (ប្រុស, ៣៥ឆ្នាំ) និងឈ្មោះ ហុង សានទិ (ប្រុស, ២៩ឆ្នាំ)។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច (ទម្ងន់ ១,៤៩ក្រាម), ទូរស័ព្ទដៃ ២គ្រឿង, អាយផេត ១គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ថុន ផានិត បានសារភាពថា ខ្លួនបានទិញថ្នាំញៀននេះពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ និងលក់បន្ត។ ផ្អែកតាមចម្លើយសារភាពនេះ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់ភូមិអង្គស្នួលទី២ និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ទៀតគឺឈ្មោះ ម៉ង់ ម៉ៅ និងឈ្មោះ ព្រឿង ចន្ថា ដោយដកហូតបានថ្នាំញៀន ៤កញ្ចប់តូចបន្ថែមទៀត។ ជនសង្ស័យឈ្មោះ ម៉ង់ ម៉ៅ បានសារភាពថាថ្នាំញៀននេះជារបស់ខ្លួន ដែលទិញពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត ហើយកន្លងមកខ្លួនក៏ធ្លាប់ទិញពីឈ្មោះ ហុង សានទិ ផងដែរ។ ចំណែកឈ្មោះ ព្រឿង ចន្ថា ក៏បានសារភាពដែរថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ឈួន ពយ យកមកប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈកងកម្លាំងក៏កំពុងបន្តស្រាវជ្រាវតាមប្រមាញ់បក្ខពួក ២នាក់ ដែលកំពុងគេចខ្លួនយកមកផ្តន្ទាទោសផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)