TNAOT News

· 5​ម៉ោង​មុន

សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុក

#NEW NEWS# #កម្មករនិយោជិត# #សង្គម# #ព័ត៌មានសង្គម# #សម្រាលបន្ទុក#

1336

ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និងកម្មករនិយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានថ្លែងអំណរគុណដល់សម្ដេចដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍នៅក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។

ប្រធានសហភាពពលកម្មជាតិកម្ពុជា លោក សំ សឿន គាំទ្រចំពោះចំណាត់ការរបស់សម្ដេចធិបតីបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំជាមួយសហជីព តំណាងសមាគមន៍រោងចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែលកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ។

លោកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូពីដំណោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ នឹងជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់។

អ្នកស្រី សុខា លីនដា កម្មកររោងចក្រ ដុង ឌូ ស្ថិតនៅរាជធានីភ្នំពេញបានសម្ដែងក្ដីរីករាយថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីបន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ និងរក្សាស្ថិរភាពជីវភាពរបស់យើងខ្ញុំបានល្អប្រសើរឡើងក្នុងស្ថានភាពលំបាកបច្ចុប្បន្ននេះ»។

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។

សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស