TNAOT News

· 10​ម៉ោង​មុន

អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើកម្ពុជាកំហិតផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាក និងឡូហ្គោ បង្ការការទាក់ទាញយុវជន និងកុមារ

#រាជបណ្ឌិត្យសភាកម្ពុជា# #គ្រឿងស្រវឹង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1704

យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថាការអនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹងទេ។ 

ថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការអនុវត្តប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុង ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង” លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តវិធានការសំខាន់ៗគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចមានចែងក្នុងប្រកាសលេខ០៨៥ គឺពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេ។

លោកបានគូសបញ្ជាក់ថា យ៉ាងណាមិញ ក្រុមការងារស្រាវជ្រាននៃរាជបណ្ឌិតសភាកម្ពុជា បានស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ថាមានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹង។

លោកបានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន ប៉ុន្តែកម្ពុជាគួរកំហិតការផ្សាយពាណិជ្ជកម្មឲ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឲ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារានិងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ការធ្វើទីផ្សាររបស់ឧស្សាហកម្មគ្រឿងស្រវឹងបានផ្សព្វផ្សាយទៅដល់កុមារនៅផ្ទះ តាមរយៈទូរទស្សន៍ ផ្ទាំងប៉ាណូតាមដងផ្លូវ ក្នុងហាងទំនើប ភោជនីយដ្ឋាន ទីកន្លែងលេងកីឡា ឬតាមរយៈប្រព័ន្ធអនឡាយផ្សេងៗ។

បែបនេះក្ដី លោក នៅតែទទូចស្នើសុំទៅកាន់ភាគីពាក់ព័ន្ធ និងក្រសួង ត្រូវចូលរួមកាត់បន្ថយការយកនៅតារាសម្ដែង ឬចម្រៀងដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គមមកប្រូម៉ូតផលិតផលគ្រឿងស្រវឹងបន្តទៀត។ ព្រោះសកម្មភាពទាំងនេះ អាចនឹងងាយឱ្យកុមារ និងយុវជនសេពគ្រឿងស្រវឹង ដោយមិនបានគិតគូរអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេ។ 

លោកស្រីវេជ្ជបណ្ឌិត អាដា ម៉ូអាដស៊ីរី មន្ត្រីសុខាភិបាលសាធារណៈនៃតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវ ប្រេវ៉ាឡង់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី ១៨ ដល់ ៦៩ឆ្នាំ មាន៥០% ក្នុងនោះបុរសមាន ៧១,២% និងស្រ្តី ២៧,៥% (របាយការណ៍សិក្សាក្នុងឆ្នាំ ២០២២-២០២៣)។ 

លោកស្រី អាដា បានបន្ថែមថា ការដំឡើងពន្ធជាក់លាក់លើគ្រឿងស្រវឹង ដែលធ្វើឱ្យតម្លៃពិតប្រាកដនៃនៃគ្រឿងស្រវឹងកើនឡើង គឺជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ហួសកម្រិត និងផលប៉ះពាល់អវិជ្ជមាននានា ទាំងចំពោះយុវជន និងមនុស្សពេញវ័យ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស