TNAOT News

· 17​ម៉ោង​មុន

តម្លៃប្រេងសាំងកើនឡើង សាំង ៤ ៤០០ រៀល និងម៉ាស៊ូត ៥ ១៥០ រៀល

#NEW NEWS# #តម្លៃប្រេង# #កើនឡើង# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម#

1693

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងប្រទេសកម្ពុជា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ការកំណត់តម្លៃនេះ យោងតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

ទន្ទឹមនោះ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥ សេនដុល្លារ/លីត្រ តាមគោលការណ៍ដែលបានដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ នៃរដ្ឋសភា។

តម្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងធម្មតា ៤ ៤០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥ ១៥០ រៀល/លីត្រ។

ក្រសួងបញ្ជាក់ថា ការគណនាតម្លៃនេះផ្អែកលើតម្លៃប្រេងឥន្ធនៈមធ្យមនៅទីផ្សារអន្តរជាតិ និងអត្រាប្តូរប្រាក់ផ្លូវការ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដែលស្មើនឹង ៤,០១៣ រៀលក្នុងមួយដុល្លារ។

ទន្ទឹមនឹងនេះ ក្រសួងបញ្ជាក់ថា បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ដោយអាស្រ័យលើស្ថានភាពប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស