TNAOT News
· 6ម៉ោងមុន
ក្រសួងបរិស្ថានពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅខេត្តស្ទឹងត្រែង
#ការបំពុលខ្យល់# #NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម# #ខេត្តស្ទឹងត្រែង#
1640
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ និងមានកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះបញ្រ្ជាបចំណេះដឹង លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងធ្វេីការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងកម្មវិធីនារសៀសថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបជូនអំពីស្ថានភាពគុណភាពខ្យល់ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ការដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត។ 
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់អ្នកចូលរួមកម្មវិធី ជាពិសេសសិស្សានុសិស្ស ចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តអំពីវិធានការការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសចូលរួមទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ 
ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៥៩ទីតាំង និងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តទូទាំងប្រទេស។ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេក២៤ម៉ោង ទាបជាងស្តង់ដាជាតិ គឺតូចជាង ៥០µg/m3។ 
ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់»។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសម្អាតធូលី និងធ្វើអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)