TNAOT News

· 03-02

ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបទល្មើសបាន ២៩៦លើក

#កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ# #បទល្មើស# #NEW NEWS# #សង្គម# #ឆ្នាំ២០២៥# #ព័ត៌មានសង្គម# #សៀមរាប#

2003

ឆ្នាំ២០២៥ កន្លងទៅនេះ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកការបង្ក្រាបបទល្មើសផ្សេងៗបានចំនួន ២៩៦លើក កើនឡើង ៨៦លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១០លើក ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ៦១៩នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ៥១៣នាក់, បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាបន្សាបសារធាតុញៀន ៥៥នាក់, ប្រគល់ទៅឱ្យអង្គភាពពាក់ព័ន្ធ ៧នាក់ និងអប់រំឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ៤៣នាក់។ នេះបើតាមរបាយការណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៦ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ជាក់ស្តែង ក្នុងចំណោមការបង្ក្រាបទាំង ២៩៦លើក មានបទឧក្រិដ្ឋ ចំនួន៨៩លើក ឃាត់ខ្លួនជនសង្ស័យចំនួន ១៧៥នាក់, បទមជ្ឈិម ចំនួន២០៧លើក ឃាត់ខ្លួនជនសង្ស័យ ៤៣៧នាក់ និងបានទទួលពាក្យបណ្ដឹងសុំការអន្តរាគមន៍បន្ទាន់តាមរយៈលេខ Hotline ១២៩៦ សរុបចំនួន ៧៦៤បណ្ដឹង និងបានចុះអន្តរាគមន៍ភ្លាមៗ។ ជាមួយគ្នានេះ ដើម្បីជំរុញការអនុវត្តការបង្ក្រាប ទប់ស្កាត់បទល្មើសនានាឱ្យកាត់តែមានប្រសិទ្ធភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បាននឹងកំពុងជំរុញការបង្កើតប្រព័ន្ធ Hotline ១២៩៦ និងការទទួលបណ្តឹងតាមបណ្តាញសង្គម ដើម្បីបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី បានបន្តថា ស្របជាមួយនឹងការងារខាងលើ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នឹងបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវ ក្ដាប់ប្រមូលព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។ បន្តការសហការល្អជាមួយស្ថាប័នតុលាការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ បង្ក្រាបរាល់បទល្មើស និងតាមចាប់បក្ខពួកជនល្មើសដែលនៅសេសសល់ និងជាពិសេសបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបានតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះ លោកអភិបាលរងខេត្តខេត្តសៀមរាប ក៏បានណែនាំដល់កម្លាំងអាវុធហត្ថ ត្រូវបន្តបង្ក្រាបឱ្យបានដាច់ខាតនូវបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃឈើ ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើង ដើម្បីធានាបាននូវសេចក្ដីសុខក្សេមក្សាន្តជូនសង្គមជាតិទាំងមូលផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស