TNAOT News
· 01-31
កម្ពុជាប្រកាសបង្កើតសហព័ន្ធកីឡាផិក្កូលប៊លជាផ្លូវការ ខណៈអ្នកលេងកើនដល់ជាង ៣ពាន់នាក់
#TNAOT SPORT# #កីឡា# #កីឡាជាតិ# #កីឡាផិក្កូលប៊ល#
1911
កីឡាផិក្កូលប៊ល (Pickleball) ត្រូវបានប្រកាសបង្កើតជាសហព័ន្ធជាតិផ្លូវការនៅកម្ពុជា ក្រោយកីឡាប្រភេទនេះ ទទួលបានការទាក់ទាញពីប្រជាពលរដ្ឋ និងយុវជនបានប្រមាណជាង ៣ពាន់នាក់ កំពុងលេងកីឡាដ៏ពេញនិយមមួយនេះ។
កីឡាផិក្កូលប៊ល (Pickleball) គឺជាកីឡាមួយប្រភេទដែលបង្កើតឡើងនៅឆ្នាំ ១៩៦៥ ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន Pickleball ត្រូវបានចាត់ទុកថា ជាកីឡាដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក ដោយសារតែភាពងាយស្រួលលេង ការចំណាយទាប និងអត្ថប្រយោជន៍សុខភាព។
យ៉ាងណាមិញ នៅក្នុងពិធីប្រកាសដំណើរការសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ចំនួន ២៣រូប ដោយមានលោក លឹម ហ៊ួរនីតា ជាប្រធានសហព័ន្ធ។
ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការអបអរសាទរ ចំពោះវត្តមានកីឡាកូនពៅថ្មីមួយទៀតលើទឹកដីកម្ពុជា ក្រោមម្លប់នៃសន្ដិភាព ដើម្បីបង្កឱកាសកាន់តែសម្បូរបែបសម្រាប់ប្រជាពលរដ្ឋក្នុងការលេងកីឡា។ យ៉ាងណាក្ដី ក្នុងនាមសហព័ន្ធថ្មី លោកបានចែករំលែកនូវបេសកកម្មសំខាន់ៗពីរ ដែលសហព័ន្ធត្រូវប្រកាន់ភ្ជាប់ ទី១-ការជំរុញកីឡាផិក្កូលប៊ល ឲ្យក្លាយជាកីឡាមានប្រជាប្រិយភាពក្នុងសង្គម និង ទី២-ការពង្រឹង និងអភិវឌ្ឍន៍ជំនាញបច្ចេកទេសកីឡាផិក្កូលប៊លកម្ពុជាឲ្យឈានទៅរកសក្ដានុពលនៃគុណផលកីឡា ទាំងក្នុង និងក្រៅប្រទេស។
លោក លឹម ហ៊ួរនីតា បានបង្ហាញការប្ដេជ្ញាចិត្ត ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍកីឡាផិក្កូលប៊លកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ដ្បិតបច្ចុប្បន្នសហព័ន្ធមានធនធានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់កីឡានេះជាង ៣ពាន់នាក់ និងមានខេត្តចំនួន ៦ ដែលមានក្លិបកីឡាផិក្កូលប៊ល រួមជាមួយបណ្ដាក្លិបជាច្រើន នៅរាជធានីភ្នំពេញ ក្រោយមានវត្តមានកីឡានេះនៅកម្ពុជា ១ឆ្នាំកន្លងមក ហើយសហព័ន្ធនឹងបន្ដរៀបចំរចនាសម្ព័ន្ធ និងពង្រីកក្លិបឲ្យកាន់តែច្រើនបន្ថែមទៀត។
ប្រធានសហព័ន្ធរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងផែនការចូលរួមការប្រកួតជាតិ និងអន្ដរជាតិនានា ពួកយើងបានរៀបចំពីមុនមកហើយ តាមរយៈការប្រកួតជុំគ្នាម្ដងៗ យើងបានសង្កេតកីឡាករ អ្នកណាចូលចិត្តលេងបែបសុខភាព អ្នកណាចូលចិត្តប្រកួតប្រជែងកម្រិតខ្ពស់ ដែលយើងឃើញមានច្រើន”។ 
គួរដឹងថា សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា អាណត្តិទី១ នេះ មាន ២៣រូប ដែលដឹកនាំដោយលោក លឹម ហ៊ួរនីតា ជាប្រធាន និងលោក ប៊ុន សុខ ជាអនុប្រធានទី១ ព្រមទាំងអនុប្រធាន, អគ្គលេខាធិការ និងអគ្គលេខាធិការរង, អគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ព្រមទាំងសមាជិកសរុប ២១រូបផ្សេងទៀត។ លើសពីនេះ សហព័ន្ធក៏មានលោកឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា ជាប្រធានកិត្តិយសផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការពារជាតិសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"

យោបល់ទាំងអស់ (0)