TNAOT News

· ម្សិលមិញ

អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា តាមទំនៀមពីបុរាណកាល

#ឡើងអ្នកតា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពិធីឡើងមាឃ#

1876

រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។

ក្រុមការងារផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាព និងវីដេអូ នៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធីនេះនៅទួលអ្នកតាគង់។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ។ ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះ​នៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។

គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។

កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរ​តែងធ្វើជាទៀងទាត់​នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក​ សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)