TNAOT News
· 01-16
កម្ពុជាលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេល៤ខែ
#ភ្ញៀវទេសចរចិន# #សង្គម# #ការលើកលែងទិដ្ឋាការ# #ព័ត៌មានសង្គម# #CAMBO-CHINA#
2022
ដោយទទួលបានការឯកភាពពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែល កាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថាទោះការធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ 
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ក្រសួងទេសចរណ៍ អំពាវនាវដល់សាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។
គួរឲ្យដឹងដែរថា ចន្លោះពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ លាននាក់បានធ្វើដំណើរមកកម្ពុជា ក្នុងនោះភ្ញៀវជនជាតិចិន មានជាង ១,១ លាននាក់ ដោយកើនជិត ៤៤%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងពិធីបើក«វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)