TNAOT News
· 01-15
អង្គការទឹកភ្លៀងកម្ពុជា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ បណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុខភាព និងអនាម័យស្រ្តីពេលមករដូវ និងភាពពេញវ័យ
#អង្គការទឹកភ្លៀងកម្ពុជា# #NEW NEWS# #ខេត្តព្រះវិហារ# #សង្គម# #ព័ត៌មានសង្គម#
2295

(ខេត្តព្រះវិហារ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អង្គការទឹកភ្លៀងកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ រៀបចំវគ្គបំប៉នគ្រូបង្គោលស្តីពី «សុខភាព និងអនាម័យពេលមករដូវ ភាពពេញវ័យ និងការអប់រំផ្លូវភេទ» ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព ការយល់ដឹង និងសិទ្ធិរបស់ក្មេងស្រីវ័យជំទង់នៅតាមសាលារៀន។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ (Engagement Global/BMZ) តាមរយៈអង្គការ KHA និងមានការសម្របសម្រួលបច្ចេកទេសពីនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថាមាតិកាបណ្តុះបណ្តាលស្របតាមគោលនយោបាយជាតិ និងស្តង់ដារអប់រំសុខភាព។
សិក្ខាកាមចូលរួមសរុបមានចំនួន ២២នាក់ (ស្រី ៨នាក់) រួមមាន អភិបាលរងនៃគណៈអភិបាលស្រុក មន្ត្រីការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំខេត្ត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃស្រុកគោលដៅក្នុងខេត្តព្រះវិហារ និងមន្ត្រីគម្រោងអង្គការទឹកភ្លៀងកម្ពុជា។
យ៉ាងណាមិញក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមត្រូវបានផ្តល់ចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹង៖
- ការគ្រប់គ្រងអនាម័យពេលមករដូវនៅតាមសាលារៀន
- ការយល់ដឹងអំពីភាពពេញវ័យ និងការប្រែប្រួលរាងកាយ-ផ្លូវចិត្ត
- សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ
- វិធីសាស្ត្របង្រៀន និងផ្សព្វផ្សាយចំណេះដឹងដល់សិស្សស្រី និងសិស្សប្រុស ដោយគ្មានការរើសអើង និងគោរពសិទ្ធិកុមារ
ជាមួយគ្នានេះ គោលបំណងសំខាន់ៗនៃវគ្គនេះ គឺការលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមករដូវឱ្យមានសុវត្ថិភាព សម្ងាត់ និងមានគុណភាពនៅតាមសាលារៀន ព្រមទាំងបង្កើនការយល់ដឹងអំពីសិទ្ធិក្មេងស្រីវ័យជំទង់ ការការពារខ្លួនពីហានិភ័យផ្លូវភេទ និងការថែរក្សាសុខភាពបន្តពូជ។ ជាមួយគ្នានេះ ក៏បានផ្តោតលើការគ្រប់គ្រងសំណល់អនាម័យដោយគិតគូរពីបរិស្ថាន និងសុខភាពសហគមន៍ផងដែរ។
លោកស្រី ជៃ រស្មី ប្រធានគម្រោងនៃអង្គការទឹកភ្លៀងកម្ពុជា បានបញ្ជាក់ថា វគ្គបំប៉នគ្រូបង្គោលនេះ ជាជំហានសំខាន់មួយក្នុងការបង្កើតបណ្តាញគ្រូបង្គោលនៅមូលដ្ឋាន ដែលអាចបន្តផ្សព្វផ្សាយចំណេះដឹងទៅកាន់គ្រូ និងសិស្សនៅតាមសាលារៀន ដើម្បីធានាថាក្មេងស្រីអាចបន្តការសិក្សាបានដោយគ្មានការរាំងស្ទះដោយសារបញ្ហាអនាម័យពេលមករដូវ។
លោកស្រី បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសសាលារៀនឱ្យកាន់តែមានសុវត្ថិភាព មិត្តភាព និងគាំទ្រដល់សិស្សស្រី និងយុវជនទូទៅ ក្នុងខេត្តព្រះវិហារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស Scam Online នៅអគារ Golden One សង្កាត់ទួលស្វាយព្រៃទី១
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

យោបល់ទាំងអស់ (0)