TNAOT News

· 18​ម៉ោង​មុន

រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ

#រដ្ឋបាល# #ការណូត# #NEW NEWS# #​កិច្ចសន្យា# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

1863

កិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការណូតដឹកអ្នកដំណើររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ដែលបានចេញការណូតដោយមិនគោរពតាមកិច្ចសន្យា និងវេនការណូតដឹកជញ្ជូនអ្នកដំណើរ បង្កឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសេវាកម្មដឹកជញ្ជូនក្នុងខេត្ត ជាពិសេសប៉ះពាល់ដល់ការធានាឱ្យបាននូវការអនុវត្តតាមកិច្ចសន្យា និងការពារប្រយោជន៍សាធារណៈ ក៏ដូចជាសេវាកម្មទេសចរណ៍ក្នុងតំបន់។លោក លី សារី អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា «ក្រុមហ៊ុន សមាគម ដែលរកស៊ីដឹកការណូត ជាពិសេសការណូតដឹកអ្នកដំណើរក្រុមហ៊ុន រ៉ូយ៉ាល់ ត្រូវគោរពតាមកិច្ចសន្យាព្រមព្រៀង និងវេនការណូតដឹកជញ្ជូនអ្នកដំណើរដែលមានស្រាប់។ ក្នុងនោះសូមឱ្យតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមរយៈការណូតរបស់ខ្លួន និងកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាបយើង»។

ជាមួយគ្នានេះ ដើម្បីធានាការសណ្ដាប់ធ្នាប់ និងការងារនេះប្រព្រឹត្តិទៅដោយរលូន និងមានតម្លាភាព លោកអភិបាលរងខេត្ត បានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួន ដោយក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានចាត់តាំងឱ្យចុះពិនិត្យរាល់ឯកសារពាក់ព័ន្ធរបស់ម្ចាស់អាជីវកម្មដឹកជញ្ជូនភ្ញៀវតាមកាណូតឯកជនទាំង ៦ទីតាំង ហើយក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មណាមួយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬអនុវត្តខុសពីបទដ្ឋានបច្ចេកទេសដែលបានកំណត់ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។ លោកបន្តថា ចំពោះម្ចាស់អាជីវកម្មកាណូតទេសចរណ៍ទាំង៦ ត្រូវតែបន្តអនុវត្តតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងកំណត់ហេតុចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ឱ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវអនុវត្តខុសបន្តទៀតឡើយ។ ប្រសិនបើភាគីពាក់ព័ន្ធមិនអនុវត្ត ឬមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ហើយចាប់ពីខែមេសា ដល់ខែកក្កដា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានលម្អិតថាតើស្ថានភាពទឹក និងកត្តាភូមិសាស្ត្រ អំណោយផលដល់ការបន្តសកម្មភាពដឹកជញ្ជូនភ្ញៀវដែរឬទេ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស