TNAOT News
· ម្សិលមិញ
ស្រ្តីមានផ្ទៃពោះ និងកុមារជាជនភៀសសឹកជិត៣០០នាក់ ទទួលបានការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យគន្ធបុប្ផា
#NEW NEWS# #សង្គម# #ជនភៀសសឹក# #ព័ត៌មានសង្គម#
1819

ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវិរៈកងកំលាំងកម្ពុជាបាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ មានស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹក ពីការឈ្លានពានរបស់ប្រទេសថៃ និង គ្រួសារវិរៈកងកម្លាំងដែលកំពុងទប់ស្កាត់ការឈ្លានពានរបស់ថៃមានចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន ៨៧ នាក់ និងកុមារចំនួន ២០៦នាក់។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខគ្រួសារភៀសសឹក និងគ្រួសារវិរៈកងទ័ពដែលកំពុងមកទទួលការពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសាកសួរសុខទុក្ខ ស្រ្តីជិតសម្រាលជាភរិយាវិរៈកងកម្លាំងនៅប្រាសាទតាមក្របីត្រូវបានឆេះផ្ទះដោយគ្រាប់ភ្លោងរបស់ថៃខណៈកំពុងត្រៀមសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ ក្នុងស្មារតីខ្មែរជួយខ្មែរ អំពាវនាវដល់ពលរដ្ឋដែលសមាជិកគ្រួសារកំពុងភៀសឹក និងគ្រួសារវិរៈកងទ័ពកម្ពុជា ជាស្រ្តីមានផ្ទៃពោះ និងកុមារដែលមានកំពុងមានតម្រូវការពិនិត្យ ព្យាបាល និងសម្រាលកូនទាំងអស់ សូមអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផាទាំងសៀមរាប និងភ្នំពេញ ដើម្បីទទួលបានការព្យាបាល ពិនិត្យជំងឺនានា ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព មិនមានការរើសអើងឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានចូលរួមថ្កោលទោសដាច់អហង្ការចំពោះការឈ្លានពានវាយប្រហារបប់ប្រទេសថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើយន្តហោះ អាវុធធន់ធ្ងន់ និងផ្សែងពុល ចូលក្នុងភូមិសាស្រ្តរបស់ពលរដ្ឋ ដែលបណ្តាលឱ្យស្លាប់ជនស្លូតត្រង់ ជាពិសេសស្រ្តី និងទារក ផងដែរ ដែលជាទង្វើរឈ្លានពានកម្ពុជាយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)