TNAOT News

· ម្សិលមិញ

គម្រោងជំរុញទីផ្សារខ្នាតតូច (អេមស៍) ផ្ដល់ការគាំទ្រកសិករខ្នាតតូចជាង៩ម៉ឺនគ្រួសារនៅក្នុងខេត្តគោលដៅចំនួន១៨

#NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ទីផ្សារខ្នាតតូច# #ព័ត៌មានសង្គម#

1819

ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗ ក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃ សម្រាប់កសិករខ្នាតតូចនៅកម្ពុជា ខណៈមកដល់ពេលនេះ គម្រោងបាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ ត្រឹមចំនួន ៨៨,២០០ គ្រួសារ តែប៉ុណ្ណោះ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។

យ៉ាងណាមិញ គម្រោង នៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសផលិតកម្មដែលមានភាពប្រសើរ ជួយសម្របសម្រួលទីផ្សារឱ្យកាន់តែរឹងមាំ និងពង្រីកភាពជាដៃគូពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ។

ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានមានប្រសាសន៍ថា៖ «គម្រោង អេមស៍ កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះ គឺដោយសារមានកិច្ចសហការយ៉ាងរឹងមាំពីក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យឯកជនរបស់យើង។ ជាមួយនឹងការទទួលបានហិរញ្ញប្បទានបន្ថែម យើងនឹងបន្តធ្វើការពង្រឹងចង្កោមអាជីវកម្ម និងការតភ្ជាប់ទីផ្សារ ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានកាន់តែច្រើនដល់កសិករខ្នាតតូចរបស់យើង។»

ឯកឧត្តមបានបន្ថែមថា ការកៀរគរកសិករខ្នាតតូចរបស់គម្រោង ដើម្បីបង្កើតជាចង្កោមអាជីវកម្ម នៅតែបន្តរីកចម្រើនទៅមុខ ដោយមានចង្កោមអាជីវកម្មចំនួន ៣៤៧ ត្រូវបានបង្កើតឡើង និងអត្រានៃការទទួលយកបច្ចេកវិទ្យាផលិតកម្មមានចំនួន ៨៤% នៃចំនួនកសិករដែលចូលរួមក្នុងគម្រោង។ គិតត្រឹមខែតុលា ឆ្នាំ២០២៥ អេមស៍ បានសម្របសម្រួលការចុះកិច្ចសន្យាទិញលក់បានសរុបចំនួន ៩០៥ កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃ ផលិតផលស្រូវប្រណីត បន្លែសុវត្ថិភាព គ្រឿងទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ ២២៤ លានដុល្លារអាមេរិក។

លោក Frew Behabtu នាយក និងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោង អេមស៍ បានធ្វើដំណើរឈ្ពោះទៅមុខប្រកបដោយស្ថិរភាព ក្នុងការពង្រឹងផលិតកម្មដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សារ រួមជាមួយនឹងចង្កោមអាជីវកម្មដែលបានតភ្ជាប់កសិករខ្នាតតូចទៅកាន់អ្នកទិញនៅក្នុងខ្សែច្រវាក់តម្លៃសំខាន់ៗ បានកាន់តែច្រើនឡើងៗ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនេះ បានបញ្ជាក់ឱ្យឃើញពីលទ្ធផលជាក់ស្តែង និងឱកាសច្បាស់លាស់ក្នុងការពង្រឹងបន្ថែមទៀតនូវការធ្វើផែនការអាជីវកម្ម ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមរបស់វិស័យឯកជន។ ការអភិវឌ្ឍបន្ថែមដោយផ្អែកលើមេរៀនបទពិសោធទាំងនេះ គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងផ្នែកពាណិជ្ជកម្មកាន់តែមានភាពស៊ីជម្រៅ និងអាចដោះស្រាយគម្លាតផលិតកម្ម និងសេវាកម្មដែលនៅសេសសល់បាន។»

លោកបានបន្ថែមថា អេមស៍ ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមបញ្ចូលយេនឌ័រនៅរាល់សកម្មភាពរបស់គម្រោងផងដែរ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ ៦២% នៃអ្នកទទួលផលគម្រោងទាំងអស់។ ហើយបេសកកម្មនេះ ក៏បានលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀតលើតួនាទីស្ត្រីជាអ្នកដឹកនាំ នៅក្នុងចង្កោមអាជីវកម្ម និងក្រុមអ្នកផលិត។

ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យកាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោងនឹងចុះគាំទ្រការអនុវត្តគម្រោងជាបន្តទៀត នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រចាំឆ្នាំម្តងទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ។

គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។

ជាមួយគ្នានេះ អេមស៍ ជំហាន ១ មានរយៈពេលប្រាំពីរឆ្នាំ ដែលផ្តើមអនុវត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែ បន្ទាប់ពីការត្រួតពិនិត្យវាយតម្លៃពាក់កណ្តាលគម្រោងនៅឆ្នាំ២០២១ កាលបរិច្ឆេទបញ្ចប់គម្រោងត្រូវបានពន្យារពេលដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ ២០២៤ IFAD បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ២០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងរយៈពេល ៣ឆ្នាំ បន្តទៀត ចាប់ផ្តើមពី ខែតុលា ឆ្នាំ ២០២៤ ហើយនឹងត្រូវបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ ២០២៧៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)