TNAOT News
· 14ម៉ោងមុន
ទីផ្សារមូលប័ត្រកម្ពុជាក្នុងឆ្នាំ២០២៥ កើនឡើង២៦ក្រុមហ៊ុន រៃអង្គាសទឹកប្រាក់ប្រមាណ៦៦៥ លានដុល្លារអាមេរិក
#រៃអង្គាស# #មូលប័ត្រ# #NEW NEWS# #ពន្ធដារ# #សង្គម# #ព័ត៌មានសង្គម# #ទឹកប្រាក់#
1616
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគាំទ្រលើ វិស័យមូលបត្រ តាមរយៈដាក់ចេញនូវអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តពន្ធដារ សម្រាប់វិស័យមូលបត្រ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៥ ខែមីនា កន្លងទៅនេះ អនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យមូលបត្រត្រូវបានអនុម័ត ដែលមានសុពលភាពរយៈពេល២ឆ្នាំបន្ថែម។
យ៉ាងណាមិញ បើតាមការលើកឡើង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថាបច្ចុប្បន្នភាពទីផ្សារភាគហ៊ុនដែលគិតមកត្រឹមថ្ងៃនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៦ ដែលរួមមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជី ជាភាគហ៊ុន (៩ក្រុមហ៊ុននៅទីផ្សារគោល និង៣ក្រុមហ៊ុននៅទីផ្សារកំណើន) និង១៤ក្រុមហ៊ុនទៀត បានចុះបញ្ជីលក់មូលបត្របំណុល ខណៈក្រុមហ៊ុនទាំង២៦នេះ បានប្រមូលទុនពីផ្សារមូលបត្រ សរុបប្រមាណជា ៦៥៤ លានដុល្លារអាមេរិក។
ឯកឧត្តមបានបានបន្ថែមថា ខណៈពេលដែលកំពុងពង្រឹងការត្រួតពិនិត្យ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងលើកទឹកចិត្តយ៉ាងសកម្មដល់ការអភិវឌ្ឍចម្រុះបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រ និងណែនាំផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីបំពេញតម្រូវការវិនិយោគ។ 
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនការទីផ្សារមូលបត្ររយៈពេល ១០ ឆ្នាំ ឆ្នាំ២០២៥-២០៣៥»។ ផែនការនេះស្របនឹងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ រឹងមាំ ស្វាហាប់ និងរីកចម្រើននៅឆ្នាំ ២០៥០ និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្រិតគោលនយោបាយ។
ឯកឧត្តមបានបន្ថែមថា ជាក់ស្តែង វត្តមានក្រុមហ៊ុនចុះបញ្ជីជាបន្តបន្ទាប់រាប់ទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីវឌ្ឍនភាពទីផ្សារ ក៏ដូច ជាការចូលរួមចំណែក និងគាំទ្រទៅដល់ក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុក ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាចធ្វើការកៀរគរទុនក្នុងទំហំធំ រយៈពេលវែង ដើម្បី បម្រើទៅដល់ការពង្រឹង និងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន។ លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏ជាជម្រើសនៃការវិនិយោគមួយដែលផ្តល់ជូនទៅវិនិយោគិន វិញជាភាគលាភ ឬក៏ជាមួយការប្រាក់ ដែលលក្ខខណ្ឌមានភាពទាក់ទាញខ្ពស់។
លោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងថា៖ «នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់របស់ប្រទេសកម្ពុជាបានលើសពី ២០០០ ដុល្លារអាមេរិកជាផ្លូវការ ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ ទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជានឹងនាំមកនូវរលកដំបូងនៃការចុះបញ្ជី»។
លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយនៃទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា ក្រុមហ៊ុនមូលបត្រកម្ពុជាបានខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រ។ បច្ចុប្បន្ន ទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជាផ្តល់ជូននូវកម្រិតចុះបញ្ជីទាប ដំណើរការលឿន ថ្លៃដើមទាប និងការរៃអង្គាសថវិកាងាយស្រួល។ យើងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន កែលម្អអភិបាលកិច្ចផ្ទៃក្នុង និងចាប់យកឱកាសដែលផ្តល់ដោយទីផ្សារមូលបត្រ»។
ជាមួយគ្នានេះ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. (និមិត្តសញ្ញា៖ ព.ស.ហ) គឺជាក្រុមហ៊ុនចុះបញ្ជីដំបូងគេនៅឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី១២ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលានៃការចាប់ផ្តើមនៃទីផ្សារមូលធនរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកអន្តរជាតិភាវូបនីយកម្មផងដែរ។
គួររំលឹកថា ក្នុងឆ្នាំ២០២៥ តាមរយៈការដាក់ចេញគោល នយោបាយមុតស្រួចសំខាន់ៗរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចសម្រេចបានកំណើន ៥.៧ ភាគរយ តែអាចនឹងមានការថមថយបន្តិចផង ដែរនៅឆ្នាំ២០២៦ ចន្លោះ ៥.៥% ការថយចុះនេះក៏ដោយសារការអនុវត្តពន្ធ គយបដិការផ្សេងៗរបស់សហរដ្ឋអាមេរិក ក៏ដូចជាការបិទខ្ទប់ ការបែកខ្ញែកនៃ សេដ្ឋកិច្ចសកល ការប្រឈមមុខនៅភូមិសាស្ត្រនយោបាយសកល និងការងើប ឡើងវិញនៃភាពឯកតោភាគីនិយម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)