TNAOT News

· ម្សិលមិញ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិថៃចំនួន ៧៥នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

#ជនជាតិថៃ# #NEW NEWS# #សង្គម# #ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា# #ព័ត៌មានសង្គម#

1967

‎ ជនជាតិថៃចំនួនចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកម្ពុជាឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយរបាយការណ៍ស្រាវជ្រាវ របស់សមត្ថកិច្ចបានបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងសម្របសម្រួលពី លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងដោយមានការ សម្របសម្រួលនីតិវិធីដោយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ ដោយបានចុះត្រួតពិនិត្យទីតាំងសង្ស័យខាងលើ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧៥នាក់ នោះ។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាល ដើម្បីបន្តអនុវត្តតាម នីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស