TNAOT News

· ម្សិលមិញ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ចាត់ទុកទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ជាផ្នែកមួយផ្សព្វផ្សាយវិស័យទេសចរកម្ពុជាទៅកាន់ពិភពលោក

#TNAOT SPORT# #ម៉ារ៉ាតុង# #កីឡា# #កីឡាជាតិ# #ក្រសួងទេសចរណ៍#

1917

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ជាការលើកកម្ពស់កិត្យានុភាព និងវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ឱ្យកាន់តែបានស្គាល់ពីកម្ពុជាកាន់តែច្រើន ខណៈឆ្នាំនេះ ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះ ស្រូបទាញអត្តពលិកមកពីគ្រប់ទិសទីប្រមាណជាង ១៦,០០០នាក់។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ខួបលើកទី៣០ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមសរុបជា ១៦ ០០០នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិមានចំនួនជាង ៣ ៦០០នាក់។ កត្តាចូលរួមនេះ រដ្ឋមន្រ្តីទេសចរណ៍ខាងលើ បានអះអាងថាព្រោះតែភ្ញៀវទេសចរណ៍ទាំងអស់មានភាពជឿជាក់ លើផ្នែកសន្តិសុខ សុវត្ថិភាព មកលើប្រទេសកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្រ្តីរូបនេះបានបន្ថែមថា «ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០២៤ ដោយឆ្នាំនេះមានចំនួន ១៦ ០០០នាក់។ កំណើនប្រមាណ ២៥ភាគរយ នេះបានបញ្ជាក់ថាភ្ញៀវដែលមករត់ទាំងអស់មានការជឿជាក់លើសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា”។ 

ឯកឧត្តមបានបន្ថែមថា សម្រាប់វិស័យទេសចរណ៍ ព្រឹត្តិការណ៍នេះពិតជាមានតម្លៃខ្ពស់ណាស់ ក្នុងការជួយផ្សព្វផ្សាយនាំកិត្តិនាមកម្ពុជា ទៅកាន់ពិភពលោក ហើយត្រឡប់មកវិញនាំអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍មកកាន់កម្ពុជាច្រើនបន្ថែមទៀត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា កម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអត្តពលិកចូលរួមច្រើនជាងគេ។

ឯកឧត្តមបានបន្ថែមថា នេះគឺជាជោគជ័យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដោយឆ្នាំមុន សម្ដេចបានផ្ដល់កិត្តិយអញ្ជើញចូលរួម ហើយឆ្នាំនេះ សម្ដេចបានចាត់តំណាងដ៏ខ្ពង់ខ្ពស់ចូលរួម រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចសហការយ៉ាងល្អពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏ដូចជាអង្គការបេះដូងមាស ដែលជាដៃគូរួមគ្នារៀបចំព្រឹត្តិការណ៍នេះរយៈពេល ៣០ឆ្នាំកន្លងមក។

ឯកឧត្តមបានបន្ថែមថា ផ្អែកលើកត្ដាសុខសុវត្ថិភាពតាមផ្លូវការ ពិសេសកត្ដាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពកក់ក្ដៅដល់អត្តពលិកមកពីជុំវិញពិភពលោក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយដ៏ល្អរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នេះដែរ ខណៈលោករំពឹងថា ឆ្នាំបន្ដបន្ទាប់ទៀត ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត នឹងមានអ្នកចូលរួមរត់កាន់តែច្រើនថែមទៀត។

គូសបញ្ជាក់ថាទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមរត់ប្រមាណជាង ១៦ ០០០នាក់ ចំណោមនោះមានអ្នករត់ជាជនបរទេសមកពីចំនួន ៨៦ប្រទេស ចូលរួម។ អ្នកនិយមរត់បរទេសបានមករត់នៅបរិវេណប្រាសាទអង្គរវត្ត ប្រមាណជាង ៣ ៦០០នាក់ ក្នុងចំនោមនោះអ្នករត់មកពីអង់គ្លេស បារាំង អូស្ត្រាលី អាម៉េរិក និងជប៉ុន មានចំនួនច្រើនជាងគេ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)