TNAOT News
· 12-07
ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញមោទនភាពខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី៣០ នៅសៀមរាប
#NEW NEWS# #ម៉ារ៉ាតុង# #សង្គម# #អង្គរវត្ត# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #ឯកឧត្តម ស៊ុន ចាន់ថុល#
1796
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យនេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់ចូលរួម។
ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីលៀងសាយភោជន៍ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍នេះ នៅប្រាសាទក្រវ៉ាន់ ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៧ ខែធ្នូស្អែក នៅតំបន់អង្គរខេត្តសៀមរាប។ កម្មវិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីទូត និងតំណាងដៃគូសហការរៀបចំជាច្រើន។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាព ចំពោះវឌ្ឍនៈភាពគួរជាទីកត់សម្គាល់ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំ ដែលចាប់ផ្ដើមដំបូង ជាមួយអ្នករត់មិនលើសពី ៥០០នាក់ កាលពីឆ្នាំ១៩៩៦ រហូតមកដល់មានអ្នករត់កើនដល់ ១៦,០០០នាក់ ក្នុងឱកាសខួប ៣០ឆ្នាំពេលនេះ ។ នេះជាការបញ្ជាក់ឲ្យឃើញពីឥទ្ធិពល និងថាមពល នៃកីឡាទេសចរណ៍ ក្នុងការជំរុញកំណើនទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ឯកឧត្តម បានបន្ថែមយ៉ាងដូច្នេះថា «ភាពរីកចម្រើននេះ គឺជាសក្ខីភាពយ៉ាងជាក់ស្ដែង បញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងការបន្ដដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យកម្លាំងថាមពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន រឹងមាំ បន្ថែមទៀត ក្រោមម្លប់នៃសុខសន្ដិភាព»។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាព្រឹកថ្ងៃអាទិត្យស្អែកនេះ មានអត្តពលិកជាតិ-អន្ដរជាតិចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេសចុះឈ្មោះចូលរួម ដែលនឹងត្រូវរត់លើវិញ្ញាសា ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ លោកថា នេះគឺជាកំណត់ត្រាអ្នករត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ។
ឯកឧត្តម បានបន្ថែមថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនេះ ក៏ជាការអបអរសាទរនៃ ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ។ កម្ពុជា និងជប៉ុនបានបង្កើតទំនាក់ទំនង ការទូតជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣ ហើយគិតមកដល់ឆ្នាំ២០២៥នេះមានរយៈពេល ៧២ឆ្នាំហើយ។
ជាមួយគ្នានេះដែរ ឆ្នាំ២០២៥នេះ ក៏ជាខួបលើកទី៣០ នៃកិច្ចសហការរវាងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាសជប៉ុនក្នុងការបន្តសហការ រួមគ្នារៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត រហូតបាន ធ្វើឱ្យ ទិវារត់ប្រណាំងអន្តរជាតិនេះក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំបំផុតនៅកម្ពុជា ដែលសរបញ្ជាក់យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅលើទឹកដីអង្គរដ៏បវរនៃយើងពិតជា បាននាំមកនូវភាពកក់ក្តៅ ភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ជូនដល់ អគ្គពលិកចូលរួមរត់ប្រណាំងទាំងអស់ ដែលបានមកពីគ្រប់ទិសទីជុំវិញពិភពលោក ដោយសារកម្ពុជាបានវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតលើពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)