TNAOT News
· 11-20
សាកលវិទ្យាល័យខេមតិច រៀបចំសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាមួយវិស័យឧស្សាហកម្ម
#សាកលវិទ្យាល័យខេមតិច# #បច្ចេកវិទ្យា# #សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ# #វិទ្យាសាស្ត្រ#
1873
សាកលវិទ្យាល័យខេមតិចបានរៀបចំសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ដោយមានការចូលរួមយ៉ាងសកម្មពីស្ថាប័នរដ្ឋ វិស័យឯកជន ដូចជាធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា សណ្ឋាគារ អចលនទ្រព្យ និងក្រុមហ៊ុនជាច្រើនទៀត រួមមានការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យខេមតិច និងក្រុមហ៊ុន E-GetS ក្រុមហ៊ុនកូដីងហ្គេត ថេកណូឡូជី ឯ.ក(Codingate Technolgy) វិទ្យាស្ថានសាន់រ៉ាយណ៍(Sunrise Institute of Technology) ព្រមទាំង MR Training និងJobs Center ជាពិសេសការផ្តល់អាហារូបករណ៍សម្រាប់និស្សិតពីក្រុមហ៊ុនE-GetS ផងដែរ ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។



កម្មវិធីនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាមួយវិស័យឧស្សាហកម្មតាមរយៈការផ្តល់ឱកាសកម្មសិក្សា និងការងារនាពេលអនាគត ការស្វែងយល់ពីជំនាញ និងការអនុវត្តន៍ជាក់ស្តែង ដោយមានបទបង្ហាញពីក្រុមហ៊ុនផ្សេងៗគ្នា ព្រមទាំងបង្កើនការត្រៀមខ្លួនរួចជាស្រេចសម្រាប់អាជីព ស្របតាមជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ បន្ថែមពីនេះ គឺជាការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យខេមតិចជាមួយវិស័យឧស្សាហកម្មឲ្យមានភាពជិតស្និទ្ធិ និងលើកកម្ពស់នវានុវត្តន៍សហគ្រិនភាព និងពង្រីកបណ្តាញទំនាក់ទំនងនានា និងកិច្ចពិភាក្សាពីយុទ្ធសាស្ត្រនៃការត្រៀមខ្លួនសមស្របនិងជំនាញដែលខ្លួនមាន បទបង្ហាញពីយុវជននិងការរំពឹងទុកនៃវិស័យឧស្សាហកម្ម។





ក្នុងសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារផងដែរ លោកZhang Juhui អគ្គនាយករងនៃក្រុមហ៊ុនE-GetS បានផ្តល់បទបង្ហាញអំពីប្រវត្តិនៃការអភិវឌ្ឍន៍វិសាលភាពអាជីវកម្ម និងវប្បធម៌សាជីវកម្មរបស់ E-GetS លោកក៏បានមានប្រសាសន៍ថានឹងទាញយកអត្ថប្រយោជន៍បច្ចេកវិទ្យា និងធនធានវេទិការបស់ខ្លួន ដើម្បីរួមគ្នាបង្កើតមូលដ្ឋានបណ្តុះបណ្តាលការងារ និងកម្មសិក្សាជាមួយសាកលវិទ្យាល័យខេមតិច ហើយនឹងបង្កើតអាហារូបករណ៍ដែលមានទឹកប្រាក់សរុប ចំនួន100,000 ដុល្លារ ដើម្បីគាំទ្រដល់គ្រូបង្រៀន និងនិស្សិតឆ្នើមៗនៃសាកលវិទ្យាល័យខេមតិចរយៈពេលប្រាំឆ្នាំជាប់ៗគ្នាដើម្បីបណ្តុះទេពកោសល្យឈានមុខគេ និងបង្កើតអោយមានបុគ្គលិកជំនាញឆ្នើមៗនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ថ្លែងនៅក្នុងសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារនេះ លោកស្រីLilianជា Associate Vice President នៃសាកលវិទ្យាល័យខេមតិចបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណក្រុមហ៊ុនE-GetS ដែលបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតខេមតិច ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ លោកស្រីបានលើកឡើងពីសម្តីរបស់បណ្ឌិតចិនដ៏ល្បីល្បាញថា «ប្រទេសរីកចម្រើនរុងរឿងដោយសារមានយុវជនដែលល្អ ប៉ិនប្រសព្ធនិងជំនាញល្អ»។




គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារនេះ មានការចូលរួម និងតាំងពិព័រណ៌ជាច្រើនដូចជាពីក្រុមហ៊ុនE-GetS ក្រុមហ៊ុនកូដីងហ្គេត ថេកណូឡូជី ឯ.ក(Codingate Technology) វិទ្យាស្ថានសាន់រ៉ាយណ៍(Sunrise Institute of Technology) MR Training និងJobs Center ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនជីប ម៉ុង គ្រុប (Chip Mong Group) ក្រុមហ៊ុនអាយ អេស អាយគ្រុប(ISI Group) ក្រុមហ៊ុនJobify Cambodia ក្រុមហ៊ុនឌីណាម៉ិច អ៊ែតវ៉ានស៍គ្រុប(Dynamic Advanced Group) ក្រុមហ៊ុនVP.Start ក្រុមហ៊ុនក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន(Mega Asset Management) វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុនDara Ventures ក្រុមហ៊ុនសណ្ឋាគារតារា អ៊ែរផត (Dara Airport Hotel) ក្រុមហ៊ុនPetram Design International ក្រុមហ៊ុនFinLuy, ក្រុមហ៊ុនHumans of Phnom Penh, ក្រុមហ៊ុនK-box solution, វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.), ក្រុមហ៊ុនDojology Tech & Ventures Co, LTD និងក្រុមហ៊ុនThe Gentry Hub៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)