TNAOT News

· 05-25

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរដល់ម្ចាស់ជើងឯកពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ឆ្នាំ២០២៥

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ឯកឧត្តម ហ៊ុន ម៉ានី# #មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន#

2251

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមអបអរសាទរដល់ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ដែលជាម្ចាស់ជើងឯក «ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន» ឆ្នាំ២០២៥។ 

តាមរយៈសំណេររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ​នៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកនេះបានឲ្យដឹងថា ក្រោយការប្រកួតវគ្គផ្តាច់ព្រ័តដ៏ស្វិតស្វាញរយៈពេល ១២០ នាទី និងការកាត់សេចក្តីដោយការស៊ុតបញ្ចូលបាល់ប៉េណាល់ទី ១១ ម៉ែត្រ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ពេលនេះយើងរកឃើញម្ចាស់ជើងឯកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី  បានបន្តថា «ខ្ញុំសូមយកឱកាសនេះកោតសរសើរ និងថ្លែងអំណរគុណដល់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ គោរពគោលការណ៍ការប្រកួត (Fair Play) និងជាពិសេស មានការយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដល់ក្រុមអាជ្ញាកណ្តាល គណៈកម្មការរៀបចំ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានរៀបចំការបប្រកួតតាំងពីចាប់ផ្តើមពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័តប្រកបដោយភាពរលូន និងជោគជ័យ»។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងគោលបំណងធំមួយ គឺការរិតចំណងមិត្តភាពរវាងសមាជិក-សមាជិកាដែលបម្រើការនៅក្រសួង-ស្ថាប័នខុសៗគ្នា ឱ្យបានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលតាមរយៈកីឡា ដែលទាំងកីឡាករ និងអ្នកគាំទ្របានមកជួបគ្នានៅទីលានប្រកួតក្នុងបរិយាកាសសប្បាយរីករាយជាមួយគ្នាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)