TNAOT News

· ម្សិលមិញ

កងទ័ពបារាំង បន្តចែកស្បៀង និងទឹកដល់ជនរងគ្រោះដោយព្យុះស៊ីក្លូននៅកោះMayotte

#NEW NEWS# #ព័ត៌មាន# #កងទ័ព# #ជនរងគ្រោះ# #ប្រទេសបារាំង# #ព័ត៍មានអន្តរជាតិ# #ព្យុះស៊ីក្លូន#

2939

កងទ័ពបារាំង បុគ្គលិកមន្ត្រីរាជការ បានចុះដល់ទីតាំងកំពុងរងគ្រោះ និងបានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ សម្ភារៈជួយសង្គ្រោះ និងរបស់របរប្រើប្រាស់មួយចំនួនដល់ប្រជាជន ក្រោយពីព្យុះស៊ីក្លូនChido ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពល បានវាយប្រហារកោះ Mayotte (ម៉ាយ៉ាត) ខណៈព្យុះកំណាចនេះក៏បានបន្តវាយប្រហារទៅលើប្រទេសMozambique បង្កឲ្យមានអ្នកស្លាប់កើនឡើងដល់ ៩៤នាក់ហើយ។

 មន្ទីរពេទ្យក្នុងតំបន់របស់កោះ Mayotte មានសភាពណែនតាន់តាប់ ដោយសារតែអ្នកជម្ងឺដ៏ច្រើនលើសសប់ ស្របពេលដែរ ក្រុមគ្រូពេទ្យ ក៏បានព្រមានអំពីហានិភ័យនៃការរីករាលដាលនៃជំងឺអាសន្នរោគ ដោយសារកង្វះទឹកស្អាត, អគ្គិសនី និងលក្ខខណ្ឌរស់នៅចម្អៀត។ ក្នុងនោះ មនុស្ស ៣៥នាក់ត្រូវគេរាយការណ៍ ថាបានស្លាប់នៅកោះ Mayotte ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលបារាំង លោកស្រី Geneviève Darrieussecq បានបញ្ជាក់ថា នេះគ្រាន់តែជាការប៉ាន់ស្មានបណ្តោះអាសន្នតែប៉ុណ្ណោះ និងបញ្ជាក់ថាតួលេខអ្នកស្លាប់អាចតិចជាងនេះ។

ជារួម កិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងការខិតខំផ្តល់ជំនួយជាអាហារ និងទឹកតាមមធ្យោបាយឧទ្ធម្ភាគចក្រ ក៏នៅតែបន្តយ៉ាងសកម្ម ប៉ុន្តែដោយសារចំនួនប្រជាជនរងគ្រោះហាក់មានចំនួនច្រើនខ្លាំងពេក ទើបជាហេតុធ្វើឲ្យប្រជាជនខ្លះនៅមិនទាន់ទទួលបានជំនួយនៅឡើយ។

គួរបញ្ជាក់ផងដែរថា ព្យុះស៊ីក្លូនChido មានអនុភាពល្បឿនខ្យល់ប្រមាណជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់បោកបង្កការខូចខាតយ៉ាងខ្លាំងទៅលើតំបន់ទីប្រជុំកោះ Mayotte ដែលស្ថិតនៅក្បែរទ្វីបអាហ្វ្រិកខាងកើត ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បង្កការរអិលបាក់ដី កាត់ផ្ដាច់ផ្លូវធើ្វដំណើរ និងធើ្វឱ្យខូចខាតប្រព័ន្ធបណ្តាញអគ្គិសនីនិងទឹកប្រើប្រាស់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)