TNAOT News

· 12-23

ប្រព័ន្ធគាំពារសង្គមគ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រប្រមាណ ៤៥ម៉ឺននាក់

#បញ្ចេញថវិកា# #សង្គម# #DEVELOPING NEWS# #ប្រព័ន្ធគាំពារសង្គម# #ព័ត៌មានសង្គម#

3652

ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ក្នុងអំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាល នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា តាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ ដែលមានន័យថា គ្រួសារក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឲ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ពីថ្នាក់ទី១ ដល់ ទី១២ ដោយថ្នាក់ទី១ ដល់ទៅ៩ បានម្នាក់ ២ម៉ឺនរៀល និងថ្នាក់ទី១០ ដល់ថ្នាក់ទី១២ បាន៣ម៉ឺន ក្នុង១ខែ។ សម្រាប់សិស្សានុសិស្សដលបញ្ចប់ថ្នាក់វិទ្យាល័យហើយ បើមានបណ្ណក្រីក្រ ឬ មានបណ្ណគ្រួសារងាយរងហានិភ័យ នោះនឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនបង់ថ្លៃ លើជំនាញវិជ្ជាជីវៈនានា ជាមួយ ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ប្រចាំខែទៀតផង ខណៈដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងអនុវត្តការងារនេះ ដែលផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមផងដែរ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស