TNAOT News

· 12-21

វិស័យប្រេងឥន្ធនៈ រួមចំណែកធ្វើឲ្យកម្ពុជាស្អាត ឆ្ពោះទៅអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

#វិស័យប្រេងឥន្ធនៈ# #NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#

4208

កម្ពុជាស្អាត គ្មានការបំពុល គឺជាការងារអាទិភាពរបស់ក្រសួងបរិស្ថានក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងសង្គម ហើយឆ្លើយតបនឹងការងារដ៏សំខាន់នេះ វិស័យប្រេងឥន្ធនៈដែលមានការទទួលខុសត្រូវខ្ពស់ បានប្តេជ្ញាចិត្តចូលរួមចំណែកលើការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់ ធ្វើឲ្យខ្យល់កម្ពុជាស្អាត ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនប្រេងឥន្ធនៈនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO V) នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនប្រេងឥន្ធនៈក្នុងការរួមចំណែកធ្វើឲ្យខ្យល់របស់កម្ពុជាស្អាត គ្មានការបំពុល ខណៈសុខភាពជាកត្តាសំខាន់ណាស់សម្រាប់អាយុជីវិតប្រជាពលរដ្ឋគ្រប់រូប បើគ្មានសុខភាពគឺគ្មានជីវិត ហើយបើគ្មានជីវិតក៏គ្មានបរិស្ថានដែរ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាកំណត់យកអាទិភាពទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាឲ្យបាននូវគោលដៅយុទ្ធសាស្រ្តចំនួន៥។

យុទ្ធសាស្រ្តទាំង៥ រួមមាន ទី១ ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។ ទី២ បង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន។ ទី៣ សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។

ក្នុងនោះ ទី៤ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ទី៥ ត្រូវធានាឲ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស