TNAOT News

· 12-06

សម្តេចធិបតីកោតសរសើរដល់ក្រុមបាល់ទាត់នារីកម្ពុជា ដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Women’s Cup 2024

#សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា#

4542

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានៃពានរង្វាន់ AFF Women's Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។  

នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women's Cup 2024។ លទ្ធផលនេះគឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្របានរួមគ្នាប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយើងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ»។ សម្តេចធិបតី បានបន្ថែមទៀតថា «សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ»។  

សូមជម្រាបជូនថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានតំណែងជើងឯករងក្នុងការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women's Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិឡាវ(New Laos National Stadium) នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លទ្ធផលនេះបានធ្វើឲ្យក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ីបានគ្រងតំណែងជើងឯក AFF Women's Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women's Championship 2025 ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)