TNAOT News

· 11-02

ស្ថាប័ន Miss Universe Cambodia ប្រកាសបដិសេធក្រោយមានបុគ្គលទុច្ចរិតយកឈ្មោះស្ថាប័នទៅប្រមូលថវិកាពីសិល្បករ និងស្ថាប័ននានា

#NEW NEWS# #អ្នកនាង ប្រាសាទ ដាវីន# #ស្ថាប័ន Miss Universe Cambodia# #កម្សាន្ត# #តារាខ្មែរ#

3612

មហាជន ជាពិសេសអ្នកគាំទ្រវិស័យបវកញ្ញានៅកម្ពុជាភ្ញាក់ផ្អើលទាំងយប់ ក្រោយឃើញស្ថាប័នកញ្ញាឯកចក្កវាឡកម្ពុជា (Miss Universe Cambodia) បានចេញសេចក្តីជូនដំណឹងនិងបដិសេធទាំងស្រុង ក្រោយមានបុគ្គលមួយចំនួនតូចប្រើប្រាស់ឈ្មោះស្ថាប័នរបស់ខ្លួនទាក់ទងទៅសិល្បករ ស្ថាប័ននានា និងបណ្ដាអ្នកគាំទ្រ ដើម្បីប្រមែប្រមូលថវិកាសម្រាប់បោះឆ្នោត និងរៀបចំកម្មវិធីព្រំក្រហម។ 

យោងតាមសេចក្តីជូនដំណឹងនេះស្ថាប័នកញ្ញាឯកចក្កវាឡកម្ពុជា (Miss Universe Cambodia)បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ ១.ស្ថាប័នកញ្ញាឯកចក្កវាឡកម្ពុជាមិនមានគោលការណ៍ប្រមូលថវិកាពីសាធារណជន ដើម្បីបោះឆ្នោតជូនកញ្ញាឯកចក្កវាឡកម្ពុជាឡើយ។ ប្រិយមិត្ត អ្នកគាំទ្រទាំងអស់នៅតែអាចបោះឆ្នោតជូន អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នកតំណាងកម្ពុជានៅក្នុងកម្មវិធី Miss Universe លើកទី៧៣ បានតាមរយៈ App Miss Universe ទៅតាមទឹកចិត្តគាំទ្ររបស់លោកអ្នក។ ២. ស្ថាប័នយើងខ្ញុំនឹងរៀបចំកម្មវិធីទស្សនាការប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Universe ពីប្រទេសម៉ិកសិក ដែលយើងនឹងជម្រាបជូនព័ត៌មានលម្អិតតាមរយៈផេកផ្លូវការ Miss Universe Cambodia ប៉ុន្តែមិនតម្រូវឲ្យប្រិយមិត្ត និងអ្នកគាំទ្របង់ថវិកាឡើយ។ ការចូលរួមទស្សនា និងអបអរនឹងត្រូវផ្ដល់ជូនដោយឥតគិតលុយ និងមិនមានកម្មវិធីកម្រាលព្រំក្រហមឡើយ។៣. យើងខ្ញុំសូមទទូចដល់បុគ្គលទាំងឡាយណាដែលមិនពាក់ព័ន្ធនឹងស្ថាប័ន មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងខាតប្រយោជន៍របស់ស្ថាប័ន។ យើងខ្ញុំនឹងចាត់វិធានការតាមច្បាប់ ប្រសិនបើនៅបន្តសកម្មភាពទាំងនេះ។ ៤. យើងខ្ញុំមិនទទួលខុសត្រូវចំពោះការប៉ះពាល់ ឬការខាតបង់នានាឡើយ។

ជាមួយគ្នានេះស្ថាប័នកញ្ញាឯកចក្កវាឡកម្ពុជាក៏បានអរគុណដល់បណ្តាសិល្បករ ស្ថាប័នរដ្ឋ ឯកជន និងបណ្ដាអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រមកកាន់ស្ថាប័ន ក៏ដូចជាអ្នកតំណាងកញ្ញាឯកចក្កវាឡកម្ពុជា។ ការគាំទ្ររបស់លោកអ្នកជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ស្ថាប័នទាំងមូលក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះនៅលើឆាក Miss Universe។ សូមមេត្តាបន្តការគាំទ្ររបស់លោកអ្នកជាបន្តទៀត ដោយក្ដីស្រលាញ់ ការគោរព ភាពថ្លៃថ្នូរ និងសុចរិតភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស