TNAOT News

· 19​ម៉ោង​មុន

សំណុំរឿងឃាតកម្មធ្វើគុតព្រះសង្ឃនៅវត្តពុទ្រារាម ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ និងបក្ខពួកបានហើយ

#វត្តពុទ្រារាម# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រឿងឃាតកម្ម#

4569

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មធ្វើគុតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសរុប ៣នាក់ហើយ។ នេះបើតាមការចុះផ្សាយក្នុងគណនីបណ្តាញសង្គមរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ 

សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៤០នាទី មានករណីប្រទះឃើញសពព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច មានព្រះជន្ម ៤២ព្រះវស្សា សុគតនៅខាងមុខអាស្រម នៃវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ក្រោយពីទទួលបានព័ត៌មានដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញពាក់ព័ន្ធកំណត់បានអត្តសញ្ញាណជនសង្ស័យ និងជនជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះ។ លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តប្រតិបត្តការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមមាន៖ ១.ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ២. ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និង៣. ឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ វត្ថុតាងដកហូតបានរួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ 

បើតាមប្រភពដដែលបានឲ្យដឹងបន្តទៀតថា ផ្អែកតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន ជាម្តាយក្មេករបស់ជនដៃដល់ ករណីឃាតកម្មបណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច សុគតគឺកូនប្រសាររបស់ខ្លួនឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគុតព្រះសង្ឃមូលហេតុកើតឡើងពីការប្រច័ណ្ឌ។ លោកយាយបន្ដថា បន្ទាប់ពីថ្ងៃធ្វើសកម្មភាពរួច កូនប្រសាររបស់ខ្លួនបានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង (ដូចមិនបានដេក)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស