Knongsrok
· 06-04
តស់! មកដឹងអំពីព្រះជីវប្រវត្តិរបស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរដំបូងដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរទៅទៀត
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ#
5946
លក្ខណៈពិសេស
១. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាម ដើម្បី «ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនួន៤ដង។
២. ព្រះអង្គជាព្រះសង្ឃខ្មែរ ដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់។
៣. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង ៥ អង្គនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom។
៤. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌។
៥. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤) ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ឱ្យមនុស្សប្រមាណ ១០០០ នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៦. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ» នៅជីវិតចុងក្រោយរហូតដល់ពេលសុគត។
៧. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និងពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ។
៨. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»
៩. ព្រះអង្គជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។
១០. ព្រះអង្គជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និងមហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥។
១១. ព្រះអង្គជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ «ធម្មយាត្រា» នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា។
- ឆ្នាំ ១៩២៩ សម្តេចព្រះមហាឃោសនន្ទ ទ្រង់ប្រសូតនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ភាគនិរតីនៃប្រទេសកម្ពុជា។
- ឆ្នាំ ១៩៤៣ បានចូលសាងផ្នួស ជាសាមណេរក្នុងព្រះពុទ្ធសាសនា ក្នុងព្រះជន្ម ១៤ ព្រះវស្សានៅវត្តបារាយណ៍ ។
- ឆ្នាំ ១៩៥០ បានឧបសម្បទាជាភិក្ខុ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ មានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍បានទទួលនាមបញ្ញត្តិ " ឃោសានន្ទ " ។
- ឆ្នាំ១៩៥៣ និមន្តទៅសិក្សានៅសាកលវិទ្យាល័យ នាលន្ទា ក្នុងរដ្ឋពីហារ ប្រទេសឥណ្ឌា ។
- ឆ្នាំ ១៩៥៦ ដង្ហែសម្តេចព្រះសង្ឃរាជ ជួន ណាត ចូលរួម ឆដ្ឋសង្គាយនាលើកទី ៦ នៅប្រទេសភូមា ( ព.ស. ២៥០០ ) នៅវត្ត Kaba Aye ទីក្រុងរ៉ង់ហ្គូន ក្នុងនាមប្រតិភូព្រះពុទ្ធសាសនា ប្រទេសកម្ពុជា ។
- ឆ្នាំ១៩៥៧ បានចូលសិក្សាពីទស្សនៈព្រះពុទ្ធសាសនា និងការកសាង សន្តិភាព និងអហឹង្សា ជាមួយព្រះសង្ឃជនជាតិជប៉ុនឈ្មោះ នីជីដាត៊្សូហ្វូជី ( Nichidatsu Fuji ) ជាអ្នកបង្កើតព្រះពុទ្ធសាសនា និកាយនីប៉ូសាន់ម៉្យូហូជី ( Nipponzan Myohoji Buddhist Order ) នៅអាស្រមមួយស្ថិតនៅលើភ្នំមួយ ជិតភ្នំគិជ្ឈកូដ ក្រុងរាជគ្រឹះ ក្នុងរដ្ឋពីហារ ប្រទេសឥណ្ឌា ។
- ឆ្នាំ១៩៦៩ ទទួលសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យនាលន្ទា។ បន្ទាប់មកបាននិមន្តទៅសិក្សាវិបស្សនាធុរៈ នៅអាស្រមក្នុងព្រៃ នៅប្រទេសថៃ ភាគខាងត្បូង ក្នុងសំណាក់ព្រះអាចារ្យធម្មធរោ។
- ឆ្នាំ១៩៧៨ និមន្តទៅកាន់ជំរុំជនភៀសខ្លួនខ្មែរ នៅខេត្តស្រះកែវ ស្ថិតនៅព្រំដែនខ្មែរ - ថៃ ជាជំរុំជនភៀសខ្លួនខ្មែរដំបូងបំផុត ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ។ ហើយក៏បានជួយអប់រំដល់ជនភៀសខ្លួនទាំងនោះឱ្យឈប់ឈ្លោះ ចេះសន្ដោសទោសដល់គ្នា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូ និងបានបង្កើតវត្តព្រះពុទ្ធសាសនា តាមជំរុំជនភៀសខ្លួន ។
- ឆ្នាំ ១៩៨០ ទទួលធ្វើជាតំណាងឱ្យកម្ពុជា ក្នុងតំណែងទីប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ។ បានបង្កើតសហបេសកកម្មអន្តរសាសនាដើម្បីសន្តិភាព ហើយបានចាប់ផ្ដើមគំនិតជាសាកល ស្ដីពីទិវាពិភពលោកដើម្បីបួងសួងសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។
- ឆ្នាំ ១៩៨១ ដឹកនាំការបង្កើតវត្តព្រះពុទ្ធសាសនា តាមសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុប នៅប្រទេសអូស្ត្រាលី និងទីផ្សេងៗទៀត។ បានបង្កើតកម្មវិធីអប់រំ និងលើកកម្ពស់វប្បធម៌ខ្មែរនៅក្រៅប្រទេស។ ជួយឧបត្ថម្ភដល់ការអប់រំសមាធិដើម្បីសន្តិភាព ជួយឧបត្ថម្ភកម្មវិធីហ្វឹកហ្វឺនពីការតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងការដោះស្រាយទំនាស់តាមបែបអហិង្សា។
- ឆ្នាំ១៩៨៣ និមន្តទៅជួបសម្ដេចប៉ាបច្សនប៉ូលទី២ ( Pope Jonh Paul 2 ) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីមូលដ្ឋានសាសនាសម្រាប់គាំទ្រ សន្តិភាពពិភពលោក នៅមុនពេលធ្វើផែនការប្រជុំនៅអស្សុីសុី( Assisi ) ។
- ឆ្នាំ១៩៨៦ សម្ដេចប៉ាបច្សនប៉ូលទី២ និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាព នៅអស្សុីសុីជាមួយអ្នកដឹកនាំសាសនា ពិភពលោកឯទៀតៗ និងធ្វើជារៀងរាល់ឆ្នាំបន្តមក។
- ឆ្នាំ១៩៨៨ បានដឹកនាំប្រតិភូសង្ឃ ទៅចូលរួមនៅក្នុងការប្រជុំចរចារកសន្តិភាពសម្រាប់ប្រទេសកម្ពុជា គាំទ្រដោយអង្គការសហប្រជាជាតិ សម្ដេចបានស្នើឡើងនូវកិច្ចសម្របសម្រួលមួយ ព្រមទាំងរំលឹកអ្នកដឹកនាំទាំងនោះថា "សន្តិភាពគឺជាគោលដៅរួមរបស់យើងទាំងអស់គ្នា" ។ ការប្រជុំនោះបានបន្តរហូតដល់ឆ្នាំ១៩៩១។ នៅក្នុងឆ្នាំនោះដែរ សម្ដេចត្រូវបានជ្រើសតាំងជាគណៈសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាប្រទេសកម្ពុជា។
- ឆ្នាំ១៩៨៩ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែកសេវាកម្មមនុស្សធម៌ ពីសាកលវិទ្យាល័យប្រូវិដិន ក្រុងប្រូវិដិន រដ្ឋរ៉ូដអាយឡិន្ត សហរដ្ឋអាមេរិក។
- ឆ្នាំ១៩៩១ ទទួលតំណែងងារជាសម្ដេច ដែលតែងតាំងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ នៅទីក្រុងភ្នំពេញ និងទទួលងារ ជាសម្ដេចសង្ឃសន្តិភាពនៅប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ ១៩៩១ នោះដែរ ព្រះអង្គក៏បានដឹកនាំធ្វើធម្មយាត្រាដើម្បីសន្តិភាព និងការផ្សះផ្សាលើកទី១ ចេញពីជំរុំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ចូលមកក្រុងភ្នំពេញ មុនការគ្រប់គ្រងរបស់ពួកអ៊ុនតាក់ នៅប្រទេសកម្ពុជា ។ បានបោះពុម្ពសៀវភៅ "មួយជំហានម្តង" ជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាថៃ ភាសាជប៉ុន ភាសាអាល្លឺម៉ង់ ភាសាព័រទុយហ្គាល់...។
- ឆ្នាំ១៩៩២ បានទទួលរង្វាន់ផ្នែកសិទ្ធិមនុស្ស ពីមូលនិធិ Rafto នៅទីក្រុង Bergen ប្រទេសន័រវែស ។
- ឆ្នាំ១៩៩៣ ដឹកនាំធម្មយាត្រាលើកទី២ ចេញពីអង្គរវត្ត ខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តាមតំបន់មានសង្គ្រាម ដើម្បីកាត់បន្ថយការភ័យខ្លាច និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជាតិ។ ទទួលតំណែងប្រធានកិត្តិយសនៃអង្គការសហពន្ធពន្លឺខ្មែរ និងជាក្រុមប្រឹក្សាផ្ដល់យោបល់ពលរដ្ឋ ដល់សភាធម្មនុញ្ញកម្ពុជាក្នុងការតាក់តែងពង្រាយរដ្ឋធម្មនុញ្ញ។ និមន្ដចូលរួមក្នុងសន្និសីទសាសនាពិភពលោកនៅទីក្រុង សុីហ្គាហ្គោ ( Chigago ) ។
- ឆ្នាំ១៩៩៤ និមន្តចូលរួមក្នុងពិធីសូត្រធម៌ បើកធម្មយាត្រាអន្តរសាសនាដើម្បីសន្តិភាពនិងជីវិតនៅទីក្រុង Auschwitz ប្រទេសប៉ូឡូញ។ ដឹកនាំធម្មយាត្រាលើកទី៣ ឆ្លងកាត់តាមបណ្ដាខេត្តដែលមានសង្គ្រាមក្តៅគគុក នៅផ្នែកខាងលិចប្រទេសកម្ពុជា។ ដឹកនាំគណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំចរចារពីសន្តិភាពនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជាង ក្រោមកិច្ចឧបត្ថម្ភពីសម្ដេចនរោត្តមសីហនុ និងចូលរួមក្នុងកិច្ចចរចារលើកទី២ នៅទីក្រុងភ្នំពេញ។ ដឹកនាំគណៈប្រតិភូអន្តរសាសនា ចូលរួមប្រជុំចរចារសន្តិភាព នៅទីក្រុងកូឡុំប៊ី ប្រទេសសិរីលង្កា ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមសុីវិលរាំរ៉ៃរបស់ប្រទេសនោះ ។
សម្ដេចត្រូវបានស្នើជ្រើសតាំងជាបេក្ខជន សម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលោក Claiborn Pell តំណាងសមាជិកព្រឹទ្ធសភា ទទួលបន្ទុបប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ។
- ឆ្នាំ១៩៩៥ សម្ដេចត្រូវបានជ្រើសតាំងជាបេក្ខជន រង្វាន់ណូបែលសន្តិភាពលើកទីពីរសម្រាប់ ឆ្នាំ១៩៩៥ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបដដែល។
- ឆ្នាំ១៩៩៦ ត្រូវបានជ្រើសតាំងលើកទី៣ជាបេក្ខជនរង្វាន់ណូបែលសម្រាប់ ឆ្នាំ១៩៩៦ ដោយគណៈកម្មការសេវាកម្មមិត្តអាមេរិក (ចំណោមអ្នកទទួលរង្វាន់ណូបែល ឆ្នាំ១៩៩៧)។
- ឆ្នាំ១៩៩៧ ត្រូវបានជ្រើសតាំងជាលើកទី៤ ដោយអតីតជ័យលាភីរង្វាន់ណូបែលសន្តិភាព សម្រាប់បេក្ខភាពរង្វាន់ណូបែល ឆ្នាំ១៩៩៧ ។
#អវសាននៃជីវិត ៖ សម្ដេចព្រះមហាឃោសនន្ទទ្រង់សុគតយ៉ាងស្ងប់ស្ងាត់ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០០៧ នៅវេលាម៉ោង ៨:១៧ នាទីព្រឹក នៅមន្ទីរពេទ្យមួយ នាទីក្រុងឡូវែលរដ្ឋម៉ាស្សាជូសេត។ សូមបួងសួងឱ្យព្រះវិញ្ញាណក្ខន្ធសម្ដេចបានយាងទៅកាន់សុគតិភព សោយនូវសេចក្ដីសុខរហូតដល់ព្រះនិព្វានជាអវសាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ព្រះរាជជីវប្រវត្តិសង្ខេបរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅថ្ងៃទី១៥-១៦ ខែមិថុនា
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីបង្កើនការគាំទ្រសម្រាប់ផែនការសន្តិភាព
រុស្ស៊ីបន្ទោសអ៊ុយក្រែនចំពោះការខ្វះការចរចាសន្តិភាព ដើម្បីទទួលបានសម្បទានពីលោកខាងលិច
យោបល់ទាំងអស់ (0)